(ភ្នំពេញ)៖ ឆ្លើយតបនឹងសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលគេដឹងថា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងផុលផុស ហើយចោទលោក ពេជ្រ ស្រស់ ដែលដាក់ពាក្យប្ដឹងឲ្យស៊ើបអង្កេតរឿងលុយចូលបុណ្យសព លោកបណ្ឌិត កែម ឡី ជារឿងស៊ីឈ្នួលនយោបាយនោះ, នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខមកប្រតិកម្មយ៉ាងខ្លាំង និងអះអាងថា សង្ឃ ប៊ុត ប៊ុនតិញ ទេ ដែលស៊ីឈ្នួលឲ្យបក្សសង្គ្រោះជាតិ ហើយដើរចោទគេទៅវិញ។ (សូមស្តាប់ការប្រតិកម្មរបស់លោក)

វីដេអូតាមបណ្ដាញសង្គម Facebook ដែលមានរយៈពេលជិត១ម៉ោងនេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា សង្ឃ ប៊ុត ប៊ុនតិញ កំពុងតែមានសង្ឃដីកាលីលា ដើរចោទគេចោទឯងថា ស៊ីឈ្នួលធ្វើនយោបាយ ខណៈដែលខ្លួនសង្ឃឯងនេះ បាននិងកំពុងឈ្នួលឲ្យគណបក្សប្រឆាំងទៅវិញទេ បែរជាមកមានសង្ឃដីកាចោទលោក ដែលគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ។

លោក ពេជ្រ ស្រស់ ថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានសង្ឃដីកាលីលា មិនដឹងខ្យល់អីថាខ្ញុំករុណា ស៊ីឈ្នួលនយោបាយទៀតហើយ ចឹងឲ្យតែអ្នកណាប្រើផ្លូវច្បាប់ នៅពេលដែលគេចង់បានភាពស្មោះត្រង់ ក៏ដូចជាច្បាស់លាស់តាមផ្លូវច្បាប់ គេសុទ្ធសឹងតែអ្នកស៊ីឈ្នួលនយោបាយ​ទាំងអស់ បើសិនជាដូច្នោះមែន ខ្ញុំសូមជម្រាបថាព្រះអង្គ ប៊ុត ប៊ុនតិញ ឯងទេជាអ្នកស៊ីឈ្នួលនយោបាយបា​តុកម្ម ពីព្រោះព្រះសង្ឃបានទទួលថវិកា តាមការចង្អុលបង្ហាញ ពីលោកទណ្ឌិត សម រង្ស៊ី ឲ្យយកលុយពីលោក កឹម សុខា ចឹងព្រះអង្គឯងទេ ជាអ្នកកម្មករនយោបាយពិតប្រាកដ រីឯខ្ញុំករុណា មិនដែលបានលុយពីបុគ្គលណា​ឲ្យធ្វើនយោបាយ ឲ្យធ្វើបាតុកម្មទេ»។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានលើកភស្ដុតាងយ៉ាងច្បាស់ថា ព្រះអង្គ ប៊ុត ប៊ុនតិញ ត្រូវបានគេទម្លាយនូវការទទួល ឬក៏ឆ្លើយឆ្លងគ្នាជាមួយទណ្ឌិត សម រង្ស៊ីហើយ ថាទណ្ឌិត សម រង្ស៊ី នឹងឧបត្ថម្ភ៥,០០០ដុល្លារ សម្រាប់​បាតុកម្មទៅដោះលែង ភិក្ខុសង្ឃមួយអង្គដែល​លេងកាំភ្លើង ដែលគេចោទពីបទល្មើស រក្សាអាវុធខុសច្បាប់ ហើយនោះជាភ័ស្ដុតាងពិតប្រាកដថា ព្រះអង្គបានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ជាមេចលនាលាបពណ៌ក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោក ពេជ្រ ស្រស់ ក៏បានបង្ហាញនូវការងឿងឆ្ងល់ថា គ្រាន់តែលោកដាក់ពាក្យបណ្ដឹង ឲ្យតុលាការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីលុយដែលមានមក ពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី សោះបែរជាព្រះសង្ឃ ប៊ុត ប៊ុនតិញ មានប្រតិបតិ្ដកម្មទៅវិញ ហើយការប្រតិបត្តិនេះហាក់ដូចជាសង្ឃ ប៊ុត ប៊ុនតិញ កំពុងតែរើសដាក់ខ្លួនពេកហើយ។​​

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ បានគួសបញ្ជាក់ថា ប្រសិនបើសង្ឃ ប៊ុត ប៊ុនតិញ នៅតែបន្ដមានសង្ឃដីកាលីលាបែបនេះបន្ដទៀត លោកនឹងដាក់ពាក្យបណ្ដឹង មួយបន្ថែមទៀតផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧​ ក្រោយពីពិភាក្សាជាមួយអ្នកច្បាប់រួចរាល់ហើយ, លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងដោយស្នើឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតស្វែងរកការពិត លើគណៈកម្មការមុន ចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ​ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី៕