(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌ បានបង្ហាញប្រតិកម្ម និងសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា គណបក្សសង្រ្គោះជាតិ។

ប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ដែលចាត់ទុកចំណាត់ការរបស់តុលាការ និងសមត្ថកិច្ចថាជារឿងខុសឆ្គង និងរំលោភបំពានលើអភ័យឯកសិទ្ធិសមាជិកសភានោះ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការចាប់ខ្លួន ការឃាត់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនអ្នកតំណាងរាស្រ្តអាចធ្វើទៅបាននៅក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ពុំចាំបាច់មានការលើកអភ័យឯកសិទ្ធិសភា តាមមតិភាគច្រើន ២/៣ នៃចំនួនសមាជិកសភាទាំងមូលនោះឡើយ។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងយុត្តិធម៌ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ដែលចុះផ្សាយនាថ្ងៃទី០៦ ខែកញ្ញា នេះ។ ក្រសួងយុត្តិធម៌ បានហៅសេចក្តីថ្លែងការណ៍របស់សមាជិកសភាមកពីគណបក្សសង្រ្គោះជាតិថា ជាការបកស្រាយបំភ្លៃខ្លឹមសារពិតប្រាកដនៃអភ័យឯកសិទ្ធិសភានេះ ដើម្បីបំភ័ន្តសាធារណមតិថា ការចាប់ខ្លួន ការឃាត់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនអ្នកតំណាងរាស្រ្តក្នុងគ្រប់ករណីទាំងអស់ត្រូវសុំលើកអភ័យឯកសិទ្ធិ។

ក្រសួងយុត្តិធម៌នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវដល់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ សូមបញ្ឈប់ការបកស្រាយដោយបំភ័ន្ត និងលាបពណ៌នយោបាយទៅលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច និងតុលាការដោយសូមទុកកិច្ចការជូនស្ថាប័នតុលាការចាត់ការតាមច្បាប់។

ក្រសួងយុត្តិធម៌ ក៏បានសំណូមពរស្ថាប័នតុលាការបន្តប្រកាន់ខ្ជាប់នូវភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីជាធរមានចំពោះករណីសំណុំរឿងព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនធ្វើឡើងក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោក កឹម សុខា បានអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅថ្ងៃទី០៦ ខែកញ្ញា ផងដែរ។

គិតតាំងពីថ្ងៃចាប់ខ្លួន រហូតដល់ពេលនេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅ ខេត្តត្បូងឃ្មុំ៕