(ភ្នំពេញ)៖ ក្រោយពីពិភាក្សាអ្នកច្បាប់រួចរាល់ហើយ, នៅព្រលប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសឲ្យដឹងថា លោកបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការស្នើឲ្យស៊ើបអង្កេតលើគណៈកម្មការមុន ចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី ប៉ុន្តែមិនបានផ្តល់សូម្បីមួយដុល្លារជូនក្រុមគ្រួសារលោកបណ្ឌិត។​

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសថា ក្នុងនាមលោកជាអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ដាក់ពាក្យប្តឹងទៅតុលាការដើម្បីស្នើឲ្យ បើកការស៊ើបអង្កេតគណៈកម្មការមុន អំពីថវិកាបុណ្យសពលោកបណ្ឌិត កែម ឡី ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ជាអ្នកដឹកនាំ គណៈកម្មការ។ ការប្តឹងនេះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី អស់ចម្ងល់អំពីថវិកាដែលប្រមូលបាន។

«ខ្ញុំ ពេជ្រ ស្រស់ សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីឲ្យព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលអតីតជាមេដឹកនាំគណៈកម្មការ បុណ្យសពលោកបណ្ឌិត កែម ឡី បកស្រាយចម្ងល់ដល់មហាជន និងបញ្ជាក់ឲ្យបានច្បាស់អំពីលុយបុណ្យសពលោកបណ្ឌិត កែម ឡី ដែលមហាជនដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើននោះ។ មានតែច្បាប់ទេ ដែលមានលទ្ធភាពបកស្រាយការពិតបានចំពោះទង្វើររបស់មនុស្ស ហើយការសម្រេចចិត្តប្តឹងនេះ គឺខ្ញុំបានជួបពិភាក្សា ជាមួយអ្នកច្បាប់រួចហើយដែរ» នេះបើយោងតាមការបញ្ជាក់ពីលោក ពេជ្រ ស្រស់ មកកាន់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះ។

ថ្លែងក្នុងវីដេអូ ដែលចេញនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ «​ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ»។

ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ថា «នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។​ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ»។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់​ថវិកា ចំនួន​៣,០២០,០០០រៀល​ ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាង​ចេតិយ ជូនសព​លោកបណ្ឌិត កែម ឡីនោះ ​ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ​ខេត្តតាកែវ។

ជាមួយនឹងការទទួលថវិកានេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលមានលោកស្រី ភោគ សេ ជាម្ដាយ និងលោក ​កែម រិទ្ធិសិត ដែលជាប្អូនប្រុសនោះ បានសម្ដែងនូវក្ដីអបអរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបើកយុទ្ធនាការរ៉ៃអង្គាសរយៈពេល៣០ថ្ងៃកន្លងមកនេះ។

សូមជម្រាបថា លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ​ក្នុងយុទ្ធនាការនេះ គណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុន មិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ៕