(ភ្នំពេញ)៖ លោកឧកញ៉ា ទូច សៀ និងមិត្តភក្តិជាគ្រូបង្រៀនរួមជំនាន់៧បូក៣ កាលពីជាង៣០មុន ចំនួន១២០រូប នៅខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ដែលបានធ្វើការជួបជុំ គ្នានាពេលថ្មីនេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង ទៅលើចំណាត់ការរបស់ស្ថាប័នសមត្ថកិច្ច ដែលបានចាប់ខ្លួនបុគ្គល កឹម សុខា ក្រោយឃុបឃិតជាមួយបក្ខពួក និងបរទេសមួយចំនួនជាសម្ងាត់ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាទង្វើក្បត់ជាតិ ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យ និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។

លោកឧកញ៉ា ទូច សៀ និងមិត្តភក្តិជាគ្រូបង្រៀនរួមជំនាន់ទាំង១២០រូប សូមទទូចដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសស្ថាប័នតុលាការ សូមមេត្តាផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ និងឲ្យបានសាកសមបំផុត ចំពោះអំពើក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបាននេះ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕