(ភ្នំពេញ)៖ វាពិតជារឿងគួរឲ្យខ្មាស់អៀនមែនទែន សម្រាប់មេដឹកនាំបក្សនយោបាយមួយដែល និយាយថា ខ្លួនមិនមែនធ្វើនយោបាយដោយចិត្តឯងទេ គឺមានបរទេសនៅពីក្រោយខ្នងជាអ្នកបញ្ជា ជាអ្នកប្រាប់ និងបង្រៀនឲ្យធ្វើនេះឲ្យធ្វើនោះ។ កុំថាឡើយដល់ទៅគម្រោងការកខ្វក់រហូតដល់ទៅ រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត សូម្បីតែរឿងធម្មតាៗ ក៏មិនគួរអ្នកនយោបាយខ្មែរណាដាក់ខ្លួន ធ្វើតាមបញ្ជា និងផែនការរបស់បរទេសសោះឡើយ។ប៉ុន្តែ លោក កឹម សុខា ប្រធានបក្សប្រឆាំង ដ៏ធំមួយនៅកម្ពុជា បែរជាបង្ហាញមោទនភាព របស់ខ្លួនយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួនដែលធ្វើ នយោបាយតាមបញ្ជារបស់បរទេស។

ស្តាប់វីដេអូឃ្លីបរបស់លោក កឹម សុខា ដែលបាននិយាយជាមួយអ្នកគាំទ្រ របស់ខ្លួននៅប្រទេស អូស្ត្រាលី ធ្វើឲ្យក្តីមន្ទិលទាំងឡាយជុំវិញព័ត៌មានដែលថា លោក កឹម សុខា និងកូនស្រីរបស់គាត់ ត្រូវបានអាមេរិកប្រើប្រាស់ធ្វើជាកូនអុក ដើម្បីធ្វើបដិវត្តន៍ពណ៌នៅកម្ពុជានោះក្លាយជារឿងច្បាស់ ទែងលែងមានអ្វីជាមន្ទិលទៀតហើយ។ ពាក្យសម្តីរបស់គាត់គឺជា ការសរុបសេចក្តីយ៉ាងខ្លីធ្វើឲ្យ អ្នកតាមដានសាច់រឿងដ៏វែងអន្លាយ និងប្រទាក់ក្រឡាដូចសំបុកពីងពាងនេះបានយល់យ៉ាងច្បាស់លាស់បំផុតថាអ្វីៗ ដែលគេលើកឡើងនៅក្នុងហ្វេសប៊ុកនោះ ជារឿងពិតទាំងស្រុង។

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំបានតាមដានរឿងនេះតាំងពីដំបូងទី រហូតដល់ការចាប់ខ្លួនលោក កឹម សុខា និងប្រតិកម្មនានាជុំវិញរឿងនេះ។ ស្តាប់ហើយធ្វើឲ្យខ្ញុំកាន់តែយល់ច្បាស់ថា ពួកបរទេស និងអង្គការក្នុងស្រុកនិង អន្តរជាតិមួយចំនួនដែលនាំគ្នាបញ្ចេញប្រតិកម្មពិតជាមានផែនការរៀបចំ ទុកជាមុនជាស្រេចសម្រាប់ប្រទេសកម្ពុជា។

ពួកគេគ្មានថ្ងៃមើលឃើញ ពីចំណុចល្អរបស់រដ្ឋាភិបាល កម្ពុជាទេ ដរាបណានៅមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំប្រទេស បើទោះជាមេដឹកនាំខ្មែរម្នាក់ នេះបានបូជាពេញមួយជីវិតដើម្បីរំដោះប្រទេសចេញពីរបបខ្មែរក្រហម នាំសន្តិភាពពេញលេញជូន ប្រទេសជាតិ និងកំពុងដឹកនាំអភិវឌ្ឍប្រទេស ឲ្យរីកលូតលាស់ទៅមុខដែលមេដឹកនាំមុនៗ មិនអាចធ្វើ បានដូចក៏ដោយ។ ពីព្រោះគោលដៅរបស់ពួកគេគឺផ្តួលរំលំបុរសខ្លាំង ហ៊ុន សែន ចេញពីអំណាចទោះ ជាប្រើមធ្យោបាយកខ្វក់បែបណាក៏ដោយ។ មធ្យោបាយរបស់ពួកគេគឺមិនខុសពីអ្វីដែលពួកគេធ្លាប់ បានប្រើជាច្រើនលើករួចមកហើយនោះឡើយ ពោលគឺការផ្តួលរំលំដោយប្រើប្រាស់បក្សប្រឆាំង សង្គមស៊ីវិលប្រឆាំង និងសារព័ត៌មានប្រឆាំងនៅក្នុងប្រទេសនោះ។

ប្រទេសដ៏កំសត់មួយនេះ បានហែលឆ្លងកាត់ភ្លើងសង្គ្រាម វិនាសសកម្មជាច្រើនទសវត្សរ៍។ ពលរដ្ឋខ្មែរ ស្លាប់ច្រើនពេកណាស់ រីឯអ្នករួចពីស្លាប់ក៏រងការឈឺចាប់ច្រើនពេកហើយដែរ។ សព្វថ្ងៃប្រទេសជាតិ អភិវឌ្ឍបានប៉ុណ្ណឹងហើយ មិនគួរឡើយមនុស្សមួយក្រុមខំបំប៉ោងតែរឿងអវិជ្ជមាន ហើយបំភ្លេចរឿង វិជ្ជមានជាច្រើន ក្នុងបំណងធ្វើឲ្យគេមើលឃើញថាប្រទេសនេះមានសភាពខ្មៅងងឹតសូន្យសុង។

ប្រទេសកម្ពុជាដែលទើបតែងើបចេញពីគំនរភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែក ក្នុងរបបវាលពិឃាត ហើយបានឈានមកដល់ចំណុចនេះគឺជាស្ថានភាពមួយដ៏គួរឲ្យមោទនភាពណាស់។ បច្ចុប្បន្ន បើយើងធ្វើដំណើរទៅប្រទេសជិតខាង ដែលមិនបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជ សាសន៍ដូចកម្ពុជា យើងក៏ឃើញយ៉ាងច្បាស់ថា កម្ពុជាយើងមិនចាញ់បណ្តាប្រទេសទាំងនោះទេ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អគារ លំនៅដ្ឋាននិងពាណិជ្ជកម្ម ផ្លូវថ្នល់ យានយន្តគ្រប់ប្រភេទណែន ណាន់តាន់តាប់នៅតាមដងផ្លូវ ផ្សារលក់ទំនិញព្រោងព្រាត មានទាំងផ្សារបុរាណ និងផ្សារទំនើប រីឯ ប្រជាពលរដ្ឋក៏មានសិទ្ធិសេរីភាពក្នុងការប្រកបមុខរបរ និងដើរកម្សាន្តតាមចិត្តចង់។ និយាយពីសេរីភាព សារព័ត៌មាន និងសេរីភាពបញ្ចេញមតិ មិនត្រឹមតែមិនចាញ់ប្រទេសជិតខាងប៉ុណ្ណោះទេ តែថែមទាំងល្អ ជាងប្រទេសមួយចំនួនថែមទៀត។

តើទាំងនេះមិនមែនជាសមិទ្ធផលដែលរដ្ឋាភិបាលដឹកនាំដោយសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនជាអ្នកនាំមកទេឬ? ដូច្នេះ ខ្មែរគ្រប់គ្នាគួរតែទទួលស្គាល់ សមិទ្ធផលទាំងនេះហើយនាំគ្នាចូលរួមចំណែកបំពេញបន្ថែមចំណុចខ្វះខាតដើម្បីជំរុញឲ្យល្បឿនអភិវឌ្ឍ មានសន្ទុះទៅមុខកាន់តែខ្លាំង។ ចុះហេតុអ្វីទៅចំណាយពេលរៀបចំផែនការកខ្វក់ដើម្បីផ្តួលរំលំ កម្ចាត់គ្នា តាមបញ្ជារបស់បរទេសទៅវិញ? ពិតណាស់ នៅមានបញ្ហាជាច្រើនដែលកើតឡើងដែលទាមទារឲ្យខ្មែរទាំងអស់គ្នាចូលរួមដោះស្រាយ ទាំងអាជ្ញាធររដ្ឋាភិបាល ទាំងបក្សនយោបាយ ទាំងអង្គការសង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។

បញ្ហាជារឿងធម្មតារបស់សង្គមមនុស្សគឺមិនមែនជារឿងដោយឡែករបស់កម្ពុជាតែមួយទេ។ បញ្ហាអ្វីក៏ ដោយក៏អាចដោះស្រាយបានដែរ ប្រសិនបើខ្មែរមូលមាត់គ្នាដោះស្រាយ។ ហេតុម្តេចបានជាចាំដល់ទៅ ខ្លួនដណ្តើមអំណាចបានទើបធ្វើកើត? បើចង់បានអំណាចម្តេចមិនប្រើវិធីដណ្តើមអំណាចតាមរយៈការ បោះឆ្នោតដោយបង្ហាញតែគោលនយោបាយសន្តិវិធីទៅ? ម្តេចក៏ចាំបាច់កាច់កុង ញុះញង់ ផ្តួលរំលំតាម រយៈវិធីកខ្វក់ធ្វើអ្វី? ជាធម្មតាទេ គ្មានអ្នកណាឈរឱបដៃឲ្យយើងផ្តួលរំលំដោយងាយៗនោះឡើយ! ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំពិតជាមានការសោកស្តាយដោយឃើញមានរឿងរ៉ាវបែបនេះកើតឡើងពី ព្រោះខ្ញុំពិតជាមិនចង់ឃើញខ្មែរមានជម្លោះជាមួយគ្នាតទៅទៀតទេ ពិសេសសម័យនេះហើយមិនចង់ ឃើញខ្មែរធ្វើនយោបាយតាមខ្សែញាក់របស់បរទេសបែបនេះទៀតឡើយ។

ដូច្នេះ អំណឹះតទៅសូមកូនខ្មែរ ជាពិសេសអ្នកនយោបាយខ្មែរគ្រប់គ្នាគិតរកវិធីល្អៗដើម្បីជួយអភិវឌ្ឍប្រទេស ជួយធ្វើឲ្យប្រទេស មានសណ្តាប់ធ្នាប់ ជួយរក្សាសន្តិភាព និងជួយបង្រួបបង្រួមខ្មែរក្នុងនាមខ្មែរជាប្រទេសអធិបតេយ្យមួយ។ សូមបញ្ឈប់ការរិះរកវិធីផ្តួលរំលំគ្នាដោយវិធីកខ្វក់តទៅទៀតទៅ ព្រោះវានឹងមិនផ្តល់លទ្ធផលល្អឡើយ ហើយវាក៏មិនចំណេញដល់ប្រទេសជាតិដែរ។ រីឯពួកបរទេសក៏សូមផ្តល់យុត្តិធម៌ជូនដល់គ្រប់ភាគីផង។

កុំលើកតម្កើងតែក្រុមកូនជឹងរបស់ខ្លួនទោះជាពួកគេប្រព្រឹត្តខុសច្បាប់យ៉ាងណាក៏ការពារ រីឯម្ខាងទៀត ចាំតែរងសម្ពាធ ទោះជាគ្រាន់តែអនុវត្តច្បាប់ ឬក៏ប្រើវិធីការពារខ្លួនសោះនោះ។ ប្រជាពលរដ្ឋខ្មែរត្រូវការ ជំនួយបរទេសដើម្បីជួយអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ប៉ុន្តែ មិនត្រូវការការលូកដៃពីបរទេសដើម្បីតែ មហិច្ឆតាភូមិសាស្ត្រនយោបាយរបស់គេឡើយ៕
ដោយ សូរ គងជ័យ