(ភ្នំពេញ)៖ ប្រតិកម្មតបទៅនឹង សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ មិនធ្វើឱ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ ហើយលោកបញ្ជាក់ថា ការចាប់ខ្លួននេះ គ្រាន់តែជាការអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែងប៉ុណ្ណោះ។
ការអះអាងរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង លោក កឹម សុខា។ សហភាពអឺរ៉ុប បានចាត់ទុកថា ការចាប់ខ្លួននេះ គឺជាការរំលោភអភ័យឯកសិទ្ធិសមាជិកសភា ដែលបង្ហាញអំពីការកើនឡើង នៃភាពគ្រោះថ្នាក់ផ្នែកនយោបាយ។ សហភាពអឺរ៉ុប ក៏បានសម្តែងការព្រួយបារម្ភចំពោះបរិយាកាសបោះឆ្នោត សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា គឺជាការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសជាក់ស្តែង ដែលប្រទេសណាក៏មានដែរ ហើយចៀសវាងការនាំកម្ពុជាទៅជាន់ដានចាស់របស់ខ្លួន។ លោកថ្លែងយ៉ាងដូច្នេះថា៖ « នេះគឺជាការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ។ នៅប្រទេសណាក៏ដោយ បើមានហេតុការណ៍អញ្ចឹងកើតឡើងគេចាត់វិធានការដូចតែគ្នា ព្រោះថានេះ គឺជាការជាន់ដានប្រវត្តិសាស្រ្តកម្ពុជា ដែលយើងដឹងទាំងអស់គ្នាហើយ មានឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥»។
លោក ខៀវ សុភ័គ បានបន្តថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមានការធ្លាក់ចុះឬបាត់បង់ ដូចការចោទប្រកាន់នោះទេ។ ការបោះឆ្នោតនៅតែដំណើរការធម្មតា គ្មានការរាំងស្ទះ។ ដោយឡែកចំពោះគណបក្សសង្រ្គោះជាតិ នឹងនៅតែបន្តធ្វើកិច្ចការធម្មតា ក្នុងករណីដែលគណបក្សនេះ មិនមានការពាក់ព័ន្ធនឹងរឿងក្បត់ជាតិ ប៉ុន្តែបើសមត្ថកិច្ចរកឃើញថា គណបក្សនេះមានការពាក់ព័ន្ធដែរនោះ បក្សប្រឆាំងនឹងត្រូវរងវិធានការតាមផ្លូវច្បាប់។ លោកបន្តថា កម្ពុជាបានប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានគណបក្សនយោបាយច្រើន ហើយទោះជាអត់គណបក្សសង្រ្គោះជាតិ ក៏មានគណបក្សផ្សេងៗទៀតចូលរួមបោះឆ្នោតដែរ។
លោក ខៀវ សុភ័គ បានបន្តយ៉ាងដូច្នេះថា៖ «អ្វីដែលយើងធ្វើនេះ គឺយើងធ្វើតែចំពោះបុគ្គល កឹម សុខា មួយទេ។ ការចុះឈ្មោះបោះឆ្នោតនៅតែបន្ត ហើយឆ្នាំ២០១៨ យើងនឹងបោះឆ្នោតដដែល។ ចំពោះគណបក្សសង្រ្គោះជាតិ បើសិនជាយើងរកឃើញថា គាត់មិនមានការពាក់ព័ន្ធ គាត់នឹងនៅដដែល បើសិនជាពាក់ព័ន្ធជាមួយបក្សដែរផ្លូវច្បាប់នឹងមានតទៅទៀត។ បើសិនជាគ្មានគណបក្សសង្រ្គោះជាតិ ចូលរួម ក៏នៅតែមានបក្សផ្សេងចូលរួមដែរ ប្រជាធិបតេយ្យរបស់យើង នៅតែមាន»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានព្រមានដល់សហគមន៍បរទេស ជាពិសេសសហរដ្ឋអាមេរិក កុំឱ្យលូកដៃចំពោះកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ៕