(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា តំណាងកម្មករជាង៣០ម៉ឺននាក់នៅកម្ពុជា នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ទង្វើក្បត់ជាតិរបស់លោក កឹម សុខា។
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា តំណាងកម្មករជាង៣០ម៉ឺននាក់នៅកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរំលោភរដ្ឋធម្មនុញ្ញ និងទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនបានរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងសូមគាំទ្រចំពោះចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចលើបុគ្គល កឹម សុខា ដែលបានឃុបឃិត និងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយបក្ខពួក និងជនបរទេសមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលជាទង្វើក្បត់ជាតិ។
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ជួសមុខឲ្យសមាជិក សមាជិកានិងកម្មករនិយោជិត សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការក្នុងការចាប់ខ្លូនបុគ្គល កឹម សុខា ដែលជាទង្វើក្បត់ជាតិ មិនអាចលើកលែងឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត៕