(ភ្នំពេញ)៖ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសថ្កោលទោសចំពោះទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ហើយគាំទ្រចំពោះវិធានការសមត្ថកិច្ច ដែលចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ ទៅផ្តន្ទាទោស។
ការបង្ហាញជំហរបស់ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយធ្វើតាមសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
សូមបញ្ជាក់ថា ក្រោយមានការចាប់ខ្លួននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕