(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅវេលាម៉ោង០០៖៣៥នាទី ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធអំពើក្បត់ជាតិ ដោយបានសហការជាមួយអាមេរិកដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ ក្រោយការចាប់ខ្លួនលោក កឹម សុខា ក៏មានការលើកឡើងថា ការចាប់ខ្លួននេះ មិនត្រូវម៉ោងរដ្ឋបាល និងបំពានអភ័យឯកសិទ្ធិ។ ដើម្បីបកស្រាយចម្ងល់នេះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្តល់កិច្ចសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន Fresh News ដោយពន្យល់អំពីនីតិវិធីច្បាប់ពាក់ព័ន្ធករណីចាប់ខ្លួនលោក កឹម សុខា។

១៖ តើមូលហេតុអ្វីបានជាសមត្ថកិច្ចកំណត់ថា អំពើរបស់លោក កឹម សុខា ជាបទល្មើសជាក់ស្តែង?

លោក គឹម​ សន្តិភាព៖ ដំបូងសមត្ថកិច្ចត្រូវមានតម្រុយសង្ស័យថា អំពើនោះជាបទល្មើសដែលមានចែងក្នុងច្បាប់! យើងឃើញថា ​អំពើឃុបឃិតគ្នាជាសម្ងាត់ ជាមួយបរទេសនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោស តាមបញ្ញតិ្ត​នៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម​ ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់​រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

បើយើងពិនិត្យមើលទៅលើអង្គហេតុ នៃការចាប់ខ្លួនលោក កឹម សុខា គឺពាក់ព័ន្ធនឹងផែនការសម្ងាត់ និងសកម្មភាពនៃការឃុបឃិតគ្នារវាងលោក កឹម សុខា ជាមួយបរទេស ដែលធ្វើឲ្យមានភាពវិកវរ និងប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ ផែនការសំងាត់នេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣ និងបន្តរហូតមក​ដល់​បច្ចុប្បន្ននេះ។ ខ្លឹមសារសំខាន់នៃផែនការរួមជាមួយបរទេសក្បត់នឹងកម្ពុជានេះ គឺត្រូវបានបង្ហាញក្នុងវីដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី រួមជាមួយនឹងភស្តុតាងដែលអាជ្ញាធរមានសមត្ថកិច្ច ប្រមូលបានកន្លងមក។

ផ្អែកតាមសំដីជាចំហររបស់លោក កឹម សុខា នៅក្នុងវីដេអូក្លីប ដែលកំពុងនៅបន្តផ្សព្វផ្សាយ មកដល់ពេលនេះ រួមនឹងភស្តុតាងដែលអាជ្ញាធរមាន សមត្ថកិច្ចប្រមូលបាន បានបង្ហាញច្បាស់ថា សកម្មភាពឃុបឃិតជាមួយបរទេសក្បត់កម្ពុជានេះ កើតមានពីឆ្នាំ១៩៩៣ ហើយផែនការនេះបន្តអនុវត្តជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ។ ការធ្វើសកម្មភាពបន្តមកដល់ពេលនេះ គឺកំណត់បានជាស្ថានភាព នៃបទល្មើសជាក់ស្តែងដោយយោងតាមក្រមនីតិវីធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

២៖ តើបទល្មើសជាក់ស្តែង អនុញ្ញាតិអោយមានការចាប់ខ្លូនបែបណា?

លោក គឹម សន្តិភាព៖ សូមជម្រាបជូនថា ជនគ្រប់រូបអាចចាប់ខ្លួនជនល្មើសដែលប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយការចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងនេះ ពុំមានការហាមឃាត់ចាប់ខ្លួនពេលយប់នោះទេយោងតាមមាត្រា៨៧ និងមាត្រា៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះ ការចាប់ខ្លួនលោក កឹម សុខា ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច  គឺត្រូវបានធ្វើឡើង ស្របតាម​ក្រម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

៣៖ តើអភ័យឯកសិទ្ធិសភា ការពារសមាជិកសភាដែលប្រព្រឹត្តបទល្មើសជាក់ស្តែងបានដែរឬទេ?

លោក​​ គឹម សន្តិភាព៖ ក្នុងករណីតំណារាស្ត្រប្រព្រឹត្តបទល្មើសជាក់ស្តែង គឺអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនតំណាងរាស្ត្ររូបនោះបានភ្លាមៗ ដោយមិនចាំបាច់ស្នើសុំលើកអភ័យឯកសិទ្ធិជាមុននោះឡើង។
សម្រាប់ករណីលោក កឹម សុខា អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៨០ និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ត្រង់មាត្រា១២។