(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា វិទ្យុអាស៊ីសេរី RFA និងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នៅពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាននៅឡើយទេ រហូតដល់ពេលនេះ។
លោក អ៊ុក គឹមសេង បានបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែធ្វើលិខិតទៅវិទ្យុទាំង២នេះ ឲ្យធ្វើបច្ចុប្បភាព និងចុះបញ្ជីការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាន ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេនៅតែមិនទាន់បានបំពេញតាមនីតិវិធីទាំងនេះនៅឡើយ។ ចំពោះវិធានការតាមផ្លូវច្បាប់បែបណានោះលោក អ៊ុក គឹមសេង បានអះអាងថា ក្រសួងនឹងបន្តពិនិត្យតាមដានលើករណីនេះ ហើយនឹងអនុវត្តទៅតាមនីតិវិធីរបស់ខ្លួន។
សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានផ្ញើលិខិត២ដាច់ដោយឡែកពីគ្នា ទៅ ស្ថានីយ៍វិទ្យុសំបុកឃ្មុំ FM 105MHz និងស្ថានីយ៍វិទ្យុមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា 102MHz ដោយបង្គាប់ឲ្យបញ្ឈប់ការចាក់ផ្សាយនូវ ព័ត៌មានវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) តទៅទៀត។
តាមរយៈលិខិតរបស់លោក ខៀវ កាញារីទ្ធ បានបង្ហាញថា «វិទ្យុ RFA និង វិទ្យុ VOA នៅពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាននៅឡើយទេ។ ដូច្នេះ ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពីគោលការណ៍ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងតម្រូវឱ្យវិទ្យុសំបុកឃ្មុំ បញ្ឈប់សកម្មភាពចាក់ផ្សាយពីវិទ្យុបរទេសទាំងពីរនេះ»។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា ក្នុងករណីដែលវិទ្យុសំបុកឃ្មុំបន្តផ្សាយទៀតនោះ ក្រសួងព័ត៌មាននឹងដកអាជ្ញាបណ្ឌវិទ្យុសំបុកឃ្មុំតែម្តង៕