(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញញត្តិគាំទ្រចំពោះចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច លើបុគ្គល កឹម សុខា ដែលបានឃុបឃិត និងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយបក្ខពួក និងជនបរទេសមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលជាទង្វើក្បត់ជាតិ។
នៅក្នុងញត្តិគាំទ្រនេះ រដ្ឋបាលខេត្តកណ្ដាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តកណ្ដាល សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការក្នុងការចាប់ខ្លូនបុគ្គល កឹម សុខា ដែលជាទង្វើក្បត់ជាតិ មិនអាចលើកលែងឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះកម្ពុជា ជាប្រទេសនីតិរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងាត់ និងប្រកបមុខរបររកស៊ីជាធម្មតា ទុកឲ្យតុលាការបន្ដនីតិវិធីទៅតាមផ្លូវច្បាប់ជាធរមាន ចំពោះបុគ្គល កឹម សុខា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕