(ភ្នំពេញ)៖ ទីបំផុតអ្វីដែលគេសង្ស័យជាយូរមកហើយថា គណបក្សសង្គ្រោះជាតិ និងមេដឹកនាំរបស់ខ្លួនកំពុងអនុវត្តនយោបាយរបស់អាមេរិកដើម្បីផ្លាស់ប្តូររបប និងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមរយៈបដិវត្តន៍ពណ៌ដូចប្រទេសអារ៉ាប់មួយចំនួនគឺ មានពិតមែន ហើយមេបក្សសង្គ្រោះជាតិ កឹម សុខាបានសារភាពដោយផ្ទាល់មាត់នៅក្នុងជំនួបមួយជាមួយអ្នកគាំទ្រខ្លួននៅប្រទេស អូស្ត្រាលីនាពេលកន្លងទៅ ហើយវិដេអូឃ្លីបនេះត្រូវបានគេផ្សព្វផ្សាយនៅយប់ថ្ងៃទី២ ខែកញ្ញា។
កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដូចគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។ កឹម សុខា ត្រូវបានចាប់ខ្លួន នៅរំលងអធ្រាតថ្ងៃទី៣ ខែកញ្ញាដោយមន្ត្រីនគរបាល យុត្តិធម៌ក្នុងបទល្មើសជាក់ស្តែងដោយអនុលោក តាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ខណៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបានគឺបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នា រវាង កឹម សុខា និងបក្សពួកជាមួយបរទេសដែលធ្វើឱ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពើនៃការ ឃុបឃិតគ្នានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគឺជាអំពើក្បត់ជាតិ។
តាមពិត កឹម សុខា បានសារភាពថា ខ្លួនបានធ្វើការជាមួយអាមេរិកតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ គឺ កឹម សុខា រួមនឹងបក្សពួករបស់ខ្លួនបានបម្រើបរទេស ក្បត់ជាតិនិងប្រជាជនកម្ពុជាតាំងពីពេលនោះមក។ ហេតុដូច្នេះហើយបានជាទង្វើនាពេលកន្លងទៅរបស់ក្រុមនេះតែងតែប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ពួកគេបានប្រើប្រាស់នយោបាយ ៣ កុំ គឺ «កុំផ្តល់ជំនួយឱ្យកម្ពុជា កុំមក វិនិយោគ
នៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា»។ ក្រៅពីនយោបាយវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋកម្ពុជា បក្សប្រឆាំងបានប្រើយុទ្ធសាស្ត្រ«ទារមេដឹកនាំ ធ្វើបាតុកម្ម និងញុះញង់ បំភ្លៃ បំផ្លើសបំប៉ោង»ដើម្បីបំផ្លាញ ខ្មែរតាមរយៈបំផ្ទុះបដិវត្តន៍ពណ៌ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ហើយទាញកម្ពុជាឱ្យស្ថិតនៅក្រោម ខ្សែញាត់របស់អាមេរិក។ ការសារភាពនេះក៏បង្ហាញថាមេដឹកនាំគណបក្សសង្គ្រោះជាតិដែលបានព្យាយាម បង្ហាញខ្លួនថាជាអ្នកស្នេហាជាតិ ស្រឡាញ់ប្រជាជនកំពុងតែធ្វើនេះគឺគ្រាន់តែជាឡប់ឡែបិទបាំងផែនការ ទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ តាមពិតពួកគេគឺជនក្បត់ជាតិ ក្បត់ប្រជាជនទៅវិញទេ។
តាមរយៈការសារភាពរបស់ កឹម សុខា ក៏អាចអនុញ្ញាតឱ្យប្រជាជនកម្ពុជាទាំងមូលបានដឹងច្បាស់
នៅពេលនេះថានរណាពិតប្រាកដ ជាអ្នកនៅពីក្រោយខ្នងគណបក្សសង្គ្រោះជាតិគឺ«អាមេរិក»។
អាមេរិកដែលតាមរយៈភស្តុតាងដែលរកឃើញបានលូកដៃយ៉ាងជ្រៅ ក្នុងកិច្ចការនយោបាយនៅកម្ពុជាតាមរយៈការ អនុវត្តផែនការរួមគ្នារវាងគណបក្សសង្គ្រោះជាតិ និងអង្គការ មូលនិធិរបស់អាមេរិកនៅក្នុងនោះមានអង្គការ NDI IRI CANVAS ដើម្បីបំផ្លាញកម្ពុជា។ ពួកគេបានពួនសម្ងំលាក់ខ្លួនធ្វើសកម្មភាព យ៉ាងត្រជាក់បំផុតក្រោមរូបភាពជំនួយអភិវឌ្ឍន៍សម្រាប់កម្ពុជា ប៉ុន្តែធាតុពិតពួកគេបានបង្កប់នូវមហិច្ឆតានយោបាយខ្ពស់ក្នុងការយកកម្ពុជាទៅក្រោមឥទ្ធិពល របស់ពួកគេដើម្បីពង្រឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងការពារផលប្រយោជន៍របស់ជាតិគេ ហើយអ្នកនយោបាយបក្សប្រឆាំងខ្មែរ រួមនឹងក្រុមសង្គមស៊ីវិលមួយចំនួន ធ្វើជាមើលមិនឃើញចំពោះកលល្បិចក៏ខ្មៅកខ្វក់នេះ ព្រោះបិទបាំងដោយផលប្រយោជន៍។
ឥឡូវនេះ កឹម សុខា មេបក្សប្រឆាំងកំពុងប្រឈមមុខនឹងបទល្មើសមួយចំនួន ទាក់ទងនឹងអំពើក្បត់ជាតិ អំពើចារកម្ម ការធ្វើឱ្យប៉ះពាល់សន្តិសុខនៃរដ្ឋ និងប៉ះពាល់ស្ថាប័នចម្បងរបស់រដ្ឋ និងបទល្មើសប្រឆាំងនឹងជាតិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និង ការចាត់ការតាមផ្លូវច្បាប់ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល កម្ពុជាបានអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ច ស្របច្បាប់ និងតាមនីតិវិធីជាធរមាន។
តើអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តតាមច្បាប់ជាធរមានរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីខ្លួនក្នុងនាមជារដ្ឋឯករាជ្យមួយជាកំហុសឬ? កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ក្នុងនាមជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងមានតួនាទីការពារសន្តិភាព ការអភិវឌ្ឍដែល ខ្លួនមាន។ ជាច្រើនឆ្នាំមកហើយ កម្ពុជាបានទទួលរងនូវយុទ្ធនាការកាន់តែខ្លាំងឡើងដឹកនាំដោយរដ្ឋាភិបាល និងអង្គការបរទេសមួយចំនួន ដែលចង់បានការផ្លាស់ប្ដូររបបនៅកម្ពុជា ទោះបីការណ៍នេះប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនភាគច្រើននៅប្រទេសនេះក៏ដោយ។ យុទ្ធនាការនេះពោរពេញទៅដោយការមួល
បង្កាច់ការពិត ភូតកុហក ការបំប៉ោងបញ្ហាតូចតាចក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងដាក់កំហុសទៅលើស្ថាប័នកម្ពុជាបច្ចុប្បន្នដែលស្របច្បាប់។ ភស្តុតាងដែលមានគឺមានភាពស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បក្សសង្គ្រោះជាតិក្រោមការរៀបចំនិងគាំទ្ររបស់អាមេរិកមានផែនផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា និងយកកម្ពុជាដាក់ក្រោមចំណុះអាមេរិក ដូចអ្វីដែលពួកគេ បានអនុវត្តជាមួយសេនាប្រមុខ លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដោយធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ និងបានយកកម្ពុជាដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ ប៉ុន្តែផែនការក្បត់ជាតិនេះត្រូវបាន បែកធ្លាយ ហើយ កឹម សុខា នៅពេលនេះគឺមិនខុសពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈឡើយ។
កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយការទូតសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់ក្នុងពិភពលោក ក្នុងរូបភាពស្មើសិទ្ធិ និងស្មើភាពគ្នា។ កម្ពុជាមិន បានយកប្រទេសណាមួយជាសត្រូវឡើយ ហើយក៏គ្មាននយោបាយប្រឆាំងអាមេរិកដែរប៉ុន្តែកម្ពុជាមាននយោបាយការពារប្រទេសខ្លួនពីការជ្រៀតជ្រែកកិច្ច ការផ្ទៃក្នុងខ្លួន ការពារពីការត្រួតត្រារបស់បរទេសតាមអាណានិគមបែបទំនើប និងការពារបូរណ
ភាពដែនដី និងអធិបតីជាតិខ្លួន។ ប្រជាជនកម្ពុជាក៏នឹងមិនអត់ឱនចំពោះផែនការក្បត់ជាតិ ក្បត់ប្រជាជន
របស់បក្សសង្គ្រោះជាតិ ដូចកឹម សុខា ដែលព្យាយាមទាញកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស និងទាញទម្លាក់កម្ពជាចូលក្នុងសង្គ្រាម និងការបំផ្លិចបំផ្លាញសាជាថ្មីឡើយ។ ឥឡូវនេះ យើងដឹងហើយថា កឹម សុខា បានក្បត់ជាតិ និងប្រជាជនកម្ពុជាហើយ!
ដោយ៖ ចៅចាក់ស្មុក