(ស្វាយរៀង)៖ ​​​ជនជាឃាតកដែល​រឹតក សម្លាប់កូនខ្លួន​ឯងនៅព្រឹកមិញនេះ បានបន្ដសកម្មភាពកាន់តែសាហាវឡើងហើយ ដោយបានបន្ដទៅសម្លាប់ ឪពុកក្មេកម្នាក់ទៀត ដែលកំពុងស្នាក់សម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ​នៅខេត្តស្វាយរៀង នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ជុំវិញអំពើឃាតកដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីដើមហេតុថា នៅថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យដែលជា​ឃាតកឈ្មោះ អេង សំណាង អាយុ២៦ឆ្នាំ ចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ តែមិនបានសម្រេចព្រោះរត់រួចឲ្យអ្នកជិតខាងជួយ។ ក្រោយមកជនសង្ស័យ បានគំរាមថា បើហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដងនៅខេត្តស្វាយរៀង​។

ក្រោយមកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ឃាតក ក៏បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ហើយពេលនោះឃាតក បានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយខ្លួន។

លុះនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ ជនសង្ស័យបានសម្លាប់កូនស្រីរបស់ខ្លួន ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ​​សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ហើយបានរត់គេចខ្លួនទៅខេត្តស្វាយរៀង បន្ដសម្លាប់ឪពុកក្មេកម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក​។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅពេលជនសង្ស័យចូលទៅសម្លាប់ឪពុកក្មេកនោះ នៅក្នុងបន្ទប់សម្រាកនោះមិនមានអ្នកជំងឺ ឬក្រុមគ្រួសារនៅជាមួយនោះទេ ព្រោះតែ​ប្រពន្ធអ្នកជំងឺបាន​ឆ្លៀតពេលទៅក្រៅដើម្បីប្តឹងសមត្ថកិច្ច ចំណែកប្រពន្ធបានជាប់ធ្វើការនៅរោងចក្រ និងគ្មានទូរស័ព្ទទាក់ទង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ព្រោះថាឃាតកមិនរត់ទៅណាឆ្ងាយនោះទេ ដោយហេតុថាគេមានបំណងសម្លាប់សមាជិកគ្រួសារផ្សេងទៀត៕