(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពមួយសន្លឹកដែលជាអនុស្សាវរីយ៍ជាមួយភរិយា និងកូនៗ នៅក្នុងឆ្នាំ១៩៨៥ ពេលទៅលំហែកាយនៅឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់នៅលើទំព័រ Facebook ថា «ខ្ញុំសូមជូនរូបថតអនុស្សាវរីយ៍មួយសន្លឹកនៅវុងតាវប្រទេសវៀតណាមពេលទៅលំហែរកាយនៅឆ្នេរសមុទ្រទីនោះកាលពីឆ្នាំ១៩៨៥។ ក្នុងរូបថតនេះគឺមានភរិយាខ្ញុំ កូនប្រុស ហ៊ុន ម៉ាណែត ខាងឆ្វេងដៃភរិយា កូនស្រីពៅ រូបកណ្តាល និងកូនប្រុស ហ៊ុន ម៉ានី ខាងស្តាំដៃខ្ញុំ»។
ជាមួយនឹងការបង្ហាញរូបភាពមួយសន្លឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជូនពរដល់ជនរួមជាតិ និងកម្មករ កម្មការនី បានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។ សម្តេចតេជោ បានបញ្ជាក់ដែរថា សម្រាប់សម្តេចមិនបានសម្រាកនោះទេ ព្រោះនៅមានកិច្ចការធ្វើជាបន្តទៀតទាំងនៅថ្ងៃនេះ និងនៅថ្ងៃអាទិត្យស្អែកដែលត្រូវជួបជុំជាមួយកម្មករ កម្មការិនីជាបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ទោះទៅទីជិតឆ្ងាយ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕