(ភ្នំពេញ)៖ នៅម៉ោង៩៖៤០នាទីព្រឹកថ្ងៃនេះ ជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលន់ ស៊ីស៊ូលីត បានចាប់ផ្តើមហើយ នៅវិមានសន្តិភាព។

ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងថា ជំនួបនាយករដ្ឋមន្ត្រីនៃប្រទេសមានព្រំដែនជាប់គ្នាទាំងពីរនេះនឹងជជែកលើបញ្ហាអ្វីខ្លះនោះទេ។ ប៉ុន្តែជំនួបនេះបានធ្វើឡើងស្របពេល ប្រទេសទាំងពីរមានបញ្ហាព្រំដែនជាមួយគ្នា ដូច្នេះបញ្ហាព្រំដែននៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា ជាប្រធានបទសំខាន់សម្រាប់ពិភាក្សា នៅក្នុងជំនួបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កាលពីខែកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន បានជិះយន្តហោះទៅជួបនាយករដ្ឋមន្ត្រីឡាវ នៅប្រទេសឡាវ ដើម្បីពិភាក្សាពីការចូល មកកាន់កាប់ទឹកដីកម្ពុជា នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមជំនួបពិភាក្សានោះនាយករដ្ឋមន្ត្រី បានព្រមដកកងទ័ពចេញពីទឹកដីកម្ពុជា ឈានដល់ការរក្សាបាននូវសុខសន្តិភាព និងបញ្ចៀសបានការផ្ទុះអាវុធ ដែលជាបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ៕