(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលអនុក្រឹត្យនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មន្ត្រីរាជការ ដូចជា អត្ថប្រយោជន៍ផ្នែកហានិភ័យការងារ និងអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព។
តាមអនុក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា អត្ថប្រយោជន៍ផ្នែកហានិភ័យការងារដែលមន្រ្តីរាជការទទួលបាន រួមមាន៖ ១.ការផ្តល់សេវាសង្គ្រោះបន្ទាន់, ២.ការព្យាបាល និងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារ (គ្រោះថ្នាក់ការងារ) តាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះដោយសម្រាក ឬមិនសម្រាកនៅក្នុងមន្ទីរពេទ្យក្តី រហូតដល់ជាសះស្បើយ, ៣.ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល, ៤.ការផ្តល់សេវាស្តារនីតិសម្បទា មានជាអាទិ៍ ការផ្គត់ផ្គង់ ការថែទាំ ឬជួសជុលឧបករណ៍ អវៈយវៈ ឬសរីរាង្គសិប្បនិម្មិត ឬការកែទម្រង់រាងកាយដែលតម្រូវដោយគ្រូពេទ្យផ្លូវការ ការសម្របសម្រួលមុខងារ ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឡើងវិញ, ៥.ការផ្តល់សេវាដឹកសព ឬបញ្ជូនជនរងគ្រោះពេលសង្គ្រោះបន្ទាន់។
ចំណែកអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព រួមមាន៖ ១.ការផ្តល់សេវាព្យាបាល និងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ, ២.សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត, ៣.ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល, ៤.ឱសថតាមវេជ្ជបញ្ជា, ៥.ការផ្តល់សេវាសម្រាលកូន និងការព្យាបាលថែទាំមុន និងក្រោយពេលសម្រាល, ៦.ការផ្តល់សេវាព្យាបាលដោយស្អំ ឬការព្យាបាលដោយចលនា ឬសេវាស្តារនីតិសម្បទាដទៃទៀត, ៧.សេវាសង្គ្រោះបន្ទាន់ ក្នុងករណីសង្គ្រោះបន្ទាន់។
អនុក្រឹត្យខាងលើត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖