(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានហៅនយោបាយរបស់គណបក្សប្រឆាំង ដែលចោទពលរដ្ឋខ្មែរ ឬថ្នាក់ដឹកនាំកម្ពុជាថាជា «យួន» នោះ គឺកំពុងដើរតាមគន្លងរបស់ «ប៉ុលពត ខ្មែរក្រហម» ហើយភ្លេចគិតថា បុព្វការីជនរបស់គណបក្ស ប្រឆាំងខ្លួនឯង ក៏មានដើមកំណើតវៀតណាមផងដែរ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការញុះញង់ចោទប្រកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាថា ជាវៀតណាម។ អាជីវករផ្សារថ្មីជាច្រើននាក់ ដែលបានទៅចូលរួមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលចុះជួបសំណេះសំណាលសួរសុខទុក្ខពួកគេ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ ក៏ត្រូវបានសកម្មជនគណបក្សប្រឆាំងចោទប្រកាន់ថា ជាអាជីវករវៀតណាមផងដែរ ដែលជារឿងមួយគួរឱ្យឈឺចាប់បំផុត។

លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖ «តើគួរឲ្យឈឺចាប់ទេ ដែលខំគាំទ្រ ខំបោះឆ្នោតឲ្យហើយ បែរជាមកលាបព៌ណយ៉ាងនេះ។ (លាបពណ៌) អ្នកដែលមិនគាំទ្រខ្លួនថាគឺជាយួន តែបក្សប្រឆាំងបច្ចុប្បន្នភ្លេចគិតថា បុព្វការីជនរបស់ខ្លួនជាយួនដូចជា សម សារី ឪពុកបង្កើតរបស់ សម រង្សី ជាយួនឈ្មោះ ង្វៀង យ៉ាំងសាំ ជីដូនបង្កើត សម រង្សី ជាយួន។ ដូច្នេះ សម រង្សី ជាខ្មែរ ឬជាយួន?»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា «ទំនៀមទម្លាប់ប្រមាថមើលងាយបុព្វការីជនរបស់ សម រង្សី និងបក្សប្រឆាំង មិនទទួលបានការគាំទ្រឡើយ គឺជានយោបាយដើរតាមគន្លងរបស់ប៉ុលពត ខ្មែរក្រហម ដែលតែងតែបោសសំអាតគ្នាឯង ដោយចោទប្រកាន់លាបព៌ណថា ជា CIA ប្ញ KGB ជាដើមប៉ុណ្ណោះ។ បន្តិចទៀតនៅនាទីចុងក្រោយ ប្រហែលជា ឯឧ កឹម សុខា ឯឧមួយចំនួនទៀតនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រឆាំងនឹងជាយួនដែរ នោះនឹងឈានទៅ រលំរលាយដូចពួកខ្មែរក្រហមប៉ុលពត ជាមិនខាន»៕