(ភ្នំពេញ)៖ ម្ចាស់មេដាយមាសទី៣ ផ្នែកកីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា នឹងមកដល់កម្ពុជានៅម៉ោងប្រមាណ ១៧៖៣៥នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ បន្ទាប់ពីចូលរួមបិទបញ្ចប់នៃព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ីយប់មិញ។

គួរកត់សម្គាល់ដែរថា នេះជាជោគជ័យមួយសម្រាប់កីឡាប្រដាល់គុនខ្មែរ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងយុទ្ធនាការថ្នាក់តំបន់អាស៊ាន មាន១១ប្រទេសចូលរួម ហើយសម្រេចជាលទ្ធផលទទួលបានមេដាយ ៤គ្រឿង ក្នុងចំណោមកីឡាករ៥នាក់ មានតែកីឡាករ មឿន សុខហ៊ុច ម្នាក់ទេដែលអត់បានមេដាយ ក្រោយចាញ់ថៃក្នុងវគ្គជម្រុះ។

ក្រៅពីនេះ ៤នាក់ផ្សេងទៀតរួមមាន កីឡាករ វ៉ាន់ វឿន និង ឡៅ ចិត្រា្ត ទទួលបានមេដាយសំរឹទ្ធ១គ្រឿងដូចគ្នា ក្រោយចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេល ម៉ឹន សុភា ឈ្នះមេដាយប្រាក់ ១គ្រឿង បន្ទាប់ពី ចាញ់ថៃនៅវគ្គផ្តាច់ព្រ័ត្រ និង ឃឹម ឌីម៉ា ផ្តួលជើងខ្លាំងថៃ ដោយពិន្ទុ ២៩ទល់នឹង ២៨ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាស៕