(ភ្នំពេញ)៖ បន្ទាប់ពីអតិថិជនរបស់ធនាគារអេស៉ីលីដា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះរអ៊ូរទាំមកកាន់ Fresh News ថា ការដកប្រាក់នៅធនាគារនេះ មានបញ្ហាមិនអាចដកបាននោះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា បានចេញមកបកស្រាយ តាមរយៈបណ្តាញព័ត៌មាន Fresh News ថា តាមពិតទៅប្រតិបត្តិការបម្រើសេវាដាក់ ឬដកប្រាក់ជូនអតិថិជន នៅធនាគារអេស៉ីលីដា គឺដំណើរការដូចធម្មតា ប៉ុន្តែគ្រាន់តែមានលក្ខណៈយឺតយ៉ាវជាងមុន ដោយសារតែធនាគារបាន និងកំពុង Update System ថ្មី។

លោក អ៉ិន ចាន់នី បានពន្យល់ថា រៀងរាល់ពីរឆ្នាំម្តង ធនាគារអេស៉ីលីដា តែងតែ Update System របស់ធនាគារថ្មី ហើយឆ្នាំនេះ គឺធនាគារចង់ប្រើប្រាស់ System ថ្មីនេះ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌមកដល់ ទើបធានាគារសម្រេចផ្លាស់ប្តូរមុនថ្ងៃទី៣១ ខែសីហា​នេះ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ទើប System ថ្មី មិនអាចរួចរាល់ដូចការកំណត់ ដោយបានបន្លាយរហូតមកដល់ព្រឹកនេះ។

ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិរូបនេះ ក៏បានថ្លែងនូវការសូមទោស ចំពោះដំណើរការយឺតយ៉ាវ ក្នុងការបម្រើសេវាដក ឬដាក់ប្រាក់ជូនអតិថិជន ក្នុងពេលកំពុង Update System ថ្មីនេះ ប៉ុន្តែលោកអះអាងថា យ៉ាងយូររសៀលថ្ងៃនេះ ឬយប់នេះ ការងារ Update System ថ្មីនឹងត្រូវបញ្ចប់ ហើយអាចបម្រើសេវាជូនអតិថិជនរហ័សដូចពេលមុន៕