(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ថា ក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេត ចំពោះប្រភពថវិការបស់គណបក្សសង្រ្គោះជាតិ ក្រោយមានព័ត៌មានថា គណបក្សប្រឆាំងនេះ បានទទួលថវិកាពីក្រៅប្រទេស ដើម្បីធ្វើសកម្មភាពនយោបាយ នៅកម្ពុជា ដែលល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ។
ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទ លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់ចាត់ទុកថា ព័ត៌មាននេះពិតប្រាកដ ឬមិនពិតប្រាកដទេ យើងគ្រាន់តែស្រាវជ្រាវរកមើលថា រឿងនេះពិត ឬមិនពិតកម្រិតណា។ អញ្ចឹងក្នុងនាមជាអគ្គនាយកដ្ឋាន ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃនេះ យើងបានស្នើទៅអគ្គស្នងការនគរបាលជាតិ ឱ្យមានការស៊ើបអង្កេតរឿងហ្នឹង»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ទំព័រ Facebook មួយឈ្មោះ «កូនខ្មែរ» បានទម្លាយអាថ៌កំបាំង ពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាបន្តបន្ទាប់រវាងអង្គការរបស់ អាមេរិកជាមួយនឹងគណបក្សប្រឆាំងនៅកម្ពុជា។ Facebook មួយឈ្មោះ «កូនខ្មែរ» បានសរសេរថា នៅចុងខែសីហា ឆ្នាំ២០១៣ អង្គការ CANVAS របស់សហរដ្ឋអាមេរិក បានទៅបង្រៀនថ្នាក់ដឹកនាំ និងសកម្មជន CNRP ដល់ទីស្នាក់ការបក្សប្រឆាំង អំពីយុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្ម ព្រមទាំងផ្តល់ថវិកា ៣៩០,០០០ដុល្លារ ដើម្បីជួយ CNRP ក្នុងការរៀបចំផែនការ និងចាត់តាំងអនុវត្តយុទ្ធសាស្រ្ត ចងក្រងបណ្តាញជាមួយអង្គការសង្គមស៊ីវិល និងយុវជនផងដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ការទទួលលុយពីបរទេសដើម្បីធ្វើនយោបាយនៅកម្ពុជានេះ គឺជារឿងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល ដែលច្បាប់ស្តីពីគណបក្សនយោបាយ បានហាមឃាត់ ដើម្បីទប់ស្កាត់កុំឱ្យកើតឡើងដូចអតីតកាល។
លោកបានថ្លែងថា «នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គឺហាមដាច់ខាត មិនឱ្យគណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជាយើង មិនឱ្យទទួលជំនួយពីបរទេស យកមកធ្វើសកម្មភាពទេ ពីព្រោះនេះគឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់គណបក្សនីមួយៗ ឬក៏ជាតិកម្ពុជាយើង។ ជាតិយើងមានសោកនាដកម្ម សង្រ្គាមហូរឈាម ដោយសារតែការជ្រៀតជ្រែករបស់បរទេស។ បើគ្រាន់តែរៃអង្គារពីប្រជាពលរដ្ឋខ្មែរ អង្ករ១កំប៉ុង ១រៀល ឬប៉ុន្មានក៏ដោយ មិនបញ្ហាទេ»។
បើតាមមាត្រា២៩ ជំពូក៦ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយ ត្រូវហាមឃាតមិនឱ្យទទួលវិភាគទាន ទោះជាតាមរូបភាពណាក៏ដោយ ពីស្ថាប័នរដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថានសាធារណៈ ឬក្រុមហ៊ុនរបស់បរទេស។
គណបក្សណាដែលល្មើសនឹងបញ្ញត្តិនៃច្បាប់នេះ នឹងត្រូវពិន័យ៣លានដល់ ៥លានរៀល ឬអាចឈានដល់ការផ្អាកសកម្មភាពនយោបាយ ជាបណ្តោះអាសន្នផងដែរ៕