(កណ្តាល)៖ យុវជនម្នាក់ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២៩ ខែសីហា បានសម្រេចដេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរ ករណីព្រួតគ្នាកាប់យុវជនម្នាក់បណ្តាលឱ្យស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកកោះធំ។
លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងនៅព្រឹកថ្ងៃទី៣០ ខែសីហា ថា យុវជនម្នាក់ឈ្មោះ ស្រី ផានិត និងបក្ខពួក៤នាក់ទៀត ត្រូវបានលោកចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ» តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៧ឆ្នាំទៅ១៥ឆ្នាំ។
គួររំលឹកថា យុវជនម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីមានទំនាស់ពាក្យសម្ដី នឹងគ្នារួចដេញវាយតប់គ្នាពេញបរិវេណវត្តជ្រោយតាកែវ។ ភ្លាមនោះនគរបាលឃាត់ខ្លួនបានម្នាក់ និងគេចខ្លួន៤នាក់ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ក្នុងវត្តជ្រោយតាកែវ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចយ ជ័យ ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់) និងឈ្មោះ ជូ សុងហាក់ ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ ឈ្មោះ ស្រី ផានិត អាយុ២៤ឆ្នាំ និង៤នាក់ទៀតកំពុងរត់គេចខ្លួន ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះឈ្មោះ រឿន រ៉ា ស្ថិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ។ ដោយឡែកក្រុមជនសង្ស័យ បានផឹកស៊ីស្រវឹងផងដែរ នៅចំណុចភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ។
ភាគីជនរងគ្រោះ បាននាំគ្នាជិះម៉ូតូមកដើរលេងនៅចំណុចវត្តជ្រោយតាកែវ ហើយក៏បានជួបនឹងឈ្មោះ ស្រី ផានិត ជិះម៉ូតូមកដល់ទីនោះដែរ រួចបានទាក់ពាក្យសម្ដីគ្នា។ ភ្លាមនោះ ជនសង្ស័យឈ្មោះ សេន ភឿក និង ហ៊ន អ៊ាងឡាយ បានជិះម៉ូតូមកដល់ឃើញមិត្តរបស់ខ្លួន (ស្រី ផានិត) កំពុងតែមានទំនាស់ ពួកគេក៏ចូលមកជួយ និងទូរស័ព្ទហៅគ្នីគ្នាបន្ថែម បន្ទាប់ពីទាក់សម្ដីគ្នាយ៉ាងតឹងសរសៃក រួចបានវាយគ្នាទៅវិញទៅមក ខណៈកំពុងវាយគ្នាស្រាប់តែ បក្ខពួកជនសង្ស័យ២នាក់ទៀត មានឈ្មោះ ស្រី សុជាតិ និងឈ្មោះ ពីង ប៉ាវ បានជិះម៉ូតូមកដល់ ដោយក្នុងដៃរបស់ឈ្មោះ ស្រី សុជាតិ កាន់ដែកមុខស្រួច ពណ៌ស ហើយបានដេញចាក់ភាគីជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ចំណែកឯឈ្មោះ សេន ភឿក ក៏បានទាញយកកាំបិតដេញជនរងគ្រោះ បន្ថែមទៀតតែពុំត្រូវ។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ទទួលបានព័ត៌មានបានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ស្រី ផានិត រីឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។ ចំណែកឯជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកមកមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែជនរងគ្រោះ ចយ ជ័យ បានស្លាប់មុនពេលមកដល់មន្ទីពេទ្យ។ ចំពោះជនរងគ្រោះឈ្មោះ ជូ សុងហាក់ ដោយរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យប្រទេសវៀតណាម៕