(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រកាសទុករយៈពេល១៥ថ្ងៃ ឲ្យគណបក្សអំណាចខ្មែររៀបចំជ្រើសរើស និងតែងតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស រួចផ្ញើឯកសារព័ន្ធនឹងការជ្រើសរើសនោះ មកក្រសួងមហាផ្ទៃវិញ។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើទៅលោក សួង សោភ័ណ្ឌ តំណាងក្រុមប្រឹក្សានយោបាយគណបក្សអំណាចខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ខ្លឹមសារនៃលិខិតរបស់ សម្ដេចក្រឡហោម ស ខេង បញ្ជាក់ថា គណបក្សអំណាចខ្មែរបានខកខានមិនបានបំពេញ កាតព្វកិច្ចក្នុងការបំពេញសំណុំបែបបទ ផ្ញើមកក្រសួងមហាផ្ទៃ ហេតុដូច្នេះទើបក្រសួង ប្រកាសទុកពេល១៥ថ្ងៃ ដើម្បីឲ្យរៀបចំ និងធ្វើការកែសម្រួល តែប្រសិនបើខកខានមិនបាន បំពេញកាតព្វកិច្ចជាថ្មីទៀត ក្រសួងមហាផ្ទៃ នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា ការចេញលិខិតរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ ក្រោយសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធទៅនឹងសំណុំរឿង ប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេស ជាពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទ។
ក្រោយលោក សួន សេរីរដ្ឋា បានត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននោះ លោក សួង សោភ័ណ្ឌ ក៏ត្រូវបានតែងតាំងជា ប្រធានស្ដីទីនៃគណបក្សអំណាចខ្មែរផងដែរ៕