(បន្ទាយមានជ័យ)៖ ស្ដ្រីម្នាក់ដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធ ការជេរប្រមាថដោយប្រើពាក្យធ្ងន់ៗ ទៅលើប្រមុខនៃរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តាមបណ្ដាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃមុននោះ បានសរសេរលិខិតសុំទោសជាផ្លូវការ ទទួលស្គាល់នូវកំហុសរបស់ខ្លួន ដែលបានពាក្យប្រមាថកាតទាន លើមេដឹកនាំកំពូលរបស់ប្រទេស។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា តុលាការបានសម្រេចដាក់ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្ដែត្រូវចូលខ្លួនពេលបើកសវនាការ នាពេលក្រោយ។ ស្ដ្រីរូបនោះមានឈ្មោះ ម៉ៅ លីនដា អាយុ៣១ឆ្នាំ។
លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជអាជ្ញារង បានបញ្ជូនរឿងទៅជម្រះពីបទជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដោយកំណត់ពេល សវនាការពេលក្រោយ ដោយស្ត្រីនោះព្រមធ្វើលិខិតសុំទោសសម្តេចតេជោ និងជានីតិវិធីច្បាប់ យើងបានអនុញ្ញាតឲ្យមានសេរីភាពសិនរង់ចាំចូលខ្លួនមកសវនាការ ពេលក្រោយ»។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ម៉ៅ លីនដា ដែលមានគណនី Facebook ឈ្មោះ «Linda GiGi» បានសរសេរនៅក្នុង Comment លើ Facebook Page Fresh News ក្នុងរឿង «រំលឹកប្រសាសន៍នាយករដ្ឋមន្ដ្រី៖ គ្មាននរណាស្រលាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេ តើអាមេរិក មានគិតពីសិទ្ធិរបស់ពលរដ្ឋកម្ពុជា ពេលពួកគេនាំគ្រាប់បែក មកទម្លាក់នាទស្សវត្សឆ្នាំ៧០» ដែលសំណេររបស់នាង បានបង្ហាញពីការប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះសម្ដេចនាយករដ្ឋមន្ដ្រី រហូតកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនតែម្តង៕