(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានពីការចុះឈ្មោះបោះឆ្នោតជាលើកដំបូង នៅក្នុងផ្សារទំនើបអ៊ីអន (Aeon Mall)។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
នៅវេលាម៉ោង១១៖៣០ថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហានេះ មជ្ឈមណ្ឌលនេះ នឹងរៀបចំបើកឱ្យដំណើរការជាផ្លូវការ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ស្តីពីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ នឹងបើកដំណើរការក្នុងផ្សារទំនើប AEON Mall ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់។
ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕