(ភ្នំពេញ)៖ បន្ទាប់ពីវីរកីឡាការិនីកីឡាប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ បាននាំមេដាយមាសកីឡាស៊ីហ្គេមទី១ មកដល់កម្ពុជាកាលពីល្ងាចមិញ នៅម៉ោង ១១ព្រឹកថ្ងៃទី៣០ ខែសីហានេះ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ក៏បាននាំមេដាយមាសកីឡាស៊ីហ្គេមទី២ មកដល់មាតុភូមិរបស់ខ្លួនផងដែរ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងរៀបចំពិធីបិទការប្រកួតផ្លូវការនាយប់នេះ។
ទន្ទឹមនឹងការមកដល់របស់ម្ចាស់មេដាយមាស ដែលជួយឲ្យកម្ពុជាបន្ដឈរចំណាត់ថ្នាក់លេខ៨ ក្នុងតារាងមេដាយកីឡាស៊ីហ្គេម ឆ្នាំ២០១៧ កញ្ញា ស៊ន សៀវម៉ី ក៏មានក្រុមអត្ដពលិកជម្រើសជាតិ ផ្នែកកីឡាតេក្វាន់ដូចំនួន ៨នាក់ និងកីឡាឈីនឡូនចំនួន ៨នាក់ផងដែរ។
មិនតែប៉ុណ្ណោះក្រុមអត្តពលិកកីឡាតេក្វាន់ដូ ក៏នាំមកជាមួយនូវមេដាយសំរឹទ្ធ ៣ និងក្រុមកីឡាសីឈីនឡូនមេដាយសំរឹទ្ធ ២ ផ្សេងទៀតផង ផ្តល់កិត្តិយសទទួលដោយផ្ទាល់របស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ។
សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកមួយចំនួនផ្សេងទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែសីហាស្អែកនេះ ក្រោយពិធីបិទ SEA Games 2017 ធ្វើឡើងយប់នេះនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕