(បាត់ដំបង)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងក្រុមការងារមន្ទីរសុខាភិបាល ខេត្តបាត់ដំបង ដឹកនាំដោយលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យការងារកែលំអរគុណភាព និងដំណើរការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពជ្រៃ មណ្ឌលសុខភាពអូតាគី និងមណ្ឌលសុខភាពបួរ ក្រោយពីក្រសួងសុខាភិបាល បានដាក់ចេញនូវផែនការកែលំអរ គុណភាពសេវា នៅតាមមណ្ឌលសុខភាព ពីខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ និងការងារផ្តល់សេវា នៅមន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។
ការចុះត្រួតពិនិត្យសកម្មភាពជាក់ស្តែង ដោយមិនបានជំរាប ដល់ពួកគាត់ទុកជាមុននេះ បានបង្ហាញនូវដំណើរការពិតប្រាកដ នៃការផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការជឿជាក់ ពីប្រសិទ្ធិភាព និងគុណភាពសេវា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៃស្រុកទាំង៣ខាងលើ ដែលក្រុមការងារ បានទៅដល់។
ចំណុចសំខាន់ៗដែលក្រុមការងារបានកត់សំគាល់នោះ គឺ៖
១. ប្រជាជនដែលមកប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលខាងលើនេះ មានភាពជឿទុកចិត្តលើគុណភាពសេវាដែលក្រុមគ្រូពេទ្យបានផ្តល់ជូនពួកគាត់ ដែលជាកត្តាបានជំរុញឲ្យមានកំណើននៃការមកប្រើប្រាស់សេវារដ្ឋកាន់តែច្រើនឡើងៗ
២. ការប្រើប្រាស់មូលនិធិសមធ៌មដោយជនក្រីក្រ និងការលើកលែងការបង់ថ្លៃដល់ជនក្រីក្រដែលមិនមានប័ណ្ណក្រីក្រ និងជនងាយរងគ្រោះ រួមទាំងកម្មករ-កម្មការិនីដោយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃជួស សរុបមានចំនួនចន្លោះពី៥០ទៅ៦០%នៃចំនួនអ្នកប្រើប្រាស់សេវាសរុប ហើយពួកគាត់បានបង្ហាញនូវការពេញចិត្តក្នុងការមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ទាំងនោះ
៣. មណ្ឌលសុខភាពទាំង៣ដែលក្រុមការងារបានចុះនោះ មានអនាម័យស្អាតល្អ និងមានវិន័យការងារត្រឹមត្រូវ ព្រមទាំងគោរពបាននូវក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យផងដែរ
៤. ប្រធានមណ្ឌលសុខភាព និងបុគ្គលិកពេទ្យទាំងអស់សុទ្ធតែមានឆន្ទះ និងសកម្មលះបង់ខ្ពស់ ក្នុងការចាត់ចែង និងអនុវត្តផែនការជម្រុញដំណើរការមណ្ឌលសុខភាពប្រកបដោយគុណភាពបានល្អប្រសើរ។
៥. ទាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព អនុវត្តបានល្អនូវការធានាសេវា២៤ម៉ោង ហើយបានជួយសង្រ្គោះអ្នកជំងឺប្រកបដោយស្មារតីទទួលខុសត្រូវ រួមទាំងសេវាបញ្ជូនអ្នកជំងឺបានទាន់ពេលវេលា
៦. ការរៀបចំទទួលរាក់ទាក់អ្នកជំងឺដំបូង (triage) អនុវត្តបានគ្រប់ទីកន្លែងដែលក្រុមការងារបានទៅដល់ រួមទាំងការជួយផ្តល់ព័ត៌មានផ្សេងៗដល់អ្នកជំងឺផងដែរ
៧. ឱសថដែលក្រសួងសុខាភិបាលផ្គត់ផ្គង់ជូនតាមមូលដ្ឋានសុខាភិបាលសាធារណ: បានគ្រប់គ្រាន់ គុណភាពល្អ និងមានសុពលភាពសំរាប់ការប្រើប្រាស់យូរ ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ដោយសឹងតែគ្រប់អ្នកជំងឺដែលក្រុមការងារបានសាកសួរ ពួកគាត់បានលើកឡើងថា "ខ្ញុំចូលចិត្តនិងតែងតែមកទទួលសេវារដ្ឋនេះ ដោយគ្រូពេទ្យនៅទីនេះមើលទៅជាៗ ហើយថ្នាំរដ្ឋដែលពេទ្យផ្តល់ឲ្យនោះ ពូកែមានគុណភាពល្អ ប្រើទៅឆាប់ជា" ហើយសំរាប់អ្នកដែលមានលទ្ធភាពបង់ថ្លៃសេវាពិនិត្យពិគ្រោះជំងឺក្រៅបង់អស់តែ២០០០ ទៅ៣០០០រៀល ក៏បានថ្នាំល្អហើយបានច្រើនទៀត បើធៀបនឹងទិញនៅក្រៅពីពេទ្យរដ្ឋអស់ច្រើនជាងនេះច្រើនណាស់
៨. បុគ្គលិកសុខាភិបាលបំរើការងារនៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ទាំងនោះ ពេញចិត្តក្នុងការបំរើសេវាជូនប្រជាជនដោយមិនប្រកាន់វណ្ណ: ព័ណសម្បុរ មានឫក្រ ហើយរិតតែផ្តល់ការយកចិត្តទុកដាក់បន្ថែមជូនជនក្រីក្រនិងជនងាយរងគ្រោះ
៩. មានក្រុមការងារចត្តាឡីស័កនៅប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិសំពៅលូន។
លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានសំដែងនូវក្តីរីករាយនិងពេញចិត្តនូវដំណើរការនៅតាមមណ្ឌលសុខភាពទាំង៣ខាងលើ ហើយបានកោតសរសើរ ព្រមទាំងលើកទឹកចិត្តគាំទ្រ ឲ្យប្រធាននិងបុគ្គលិកពេទ្យ នៃមណ្ឌលសុខភាពទាំង៣នេះ បន្តនូវទង្វើល្អៗបន្ថែមទៀត សំដៅធានាអ្វីដែលមានហើយនេះ និងបន្តបង្កើនគុណភាពសេវា ឲ្យកាន់តែបានល្អបន្ថែមទៀត។
ទន្ទឹមនោះ លោកស្រី បានណែនាំឲ្យលោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ជំរុញនូវដំណើរការកែលំអរគុណភាពសេវានេះ នៅតាមមណ្ឌលសុខភាពផ្សេងៗទៀត នៅក្នុងខេត្តបាត់ដំបង ដែលនៅសេសសល់ប្រមាណជា២០ទៅ៣០%ទៀតនោះ ឲ្យបានដំណើរការបានល្អប្រហាក់ប្រហែល ឫក៏ឲ្យបានដូចមណ្ឌលសុខភាពទាំង៣នេះផងដែរ៕