(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា ទទួលបានការអញ្ជើញពីក្រសួងទេសចរណ៍វៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការចូលរួមក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍វៀតណាម (Vietnam Tourism Roadshow) ក្នុងគោលបំណងជំរុញចរន្តលំហូរ ទេសចរណ៍ពីគ្នាទៅវិញទៅមក ពិសេសដើម្បីទាក់ទាញទេសចរណ៍ពីប្រទេសទីបីឲ្យកាន់តែច្រើនថែមទៀត។
សន្និសីទនេះធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ង្វៀន បាវ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ហា វ៉ាន់សីវ អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម ព្រមជាមួយថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជននៃភាគីទាំងពីរជាច្រើនទៀត។
លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងថា ដើម្បីបង្កើនចំនួនទេសចរអន្តរជាតិ ពិសេសទេសចរវៀតណាម កម្ពុជាតែងតែគាំទ្រយ៉ាងពេញទំហឹងដល់ភាគីវៀតណាម ដោយបានចូលរួមក្នុងពិព័រណ៍ទេសចរណ៍វៀតណាម ដូចជា ITE HCMC, VITM, Da Nang, Kanthur និងបានរៀបចំសម្របសម្រួលទស្សនកិច្ចសិក្សាជាច្រើន។
លោកបន្តថា នៅឆ្នាំ២០១៨ ខាងមុខ ក្រសួងទេសចរណ៍គ្រោងពង្រីកកម្មវិធីដំណើរកម្សាន្តតាមក្បួនរថយន្ត (Caravan Tour) ចេញពីខេត្តនៅតាមព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីទាក់ទាញប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់ទាំងនោះ ឲ្យមានឱកាសផ្លាស់ប្តូរទស្សនកិច្ចគ្នា និងជំរុញញការធ្វើដំណើរទេសចរណ៍ ទៅមករវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម មានសក្តានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែប ដែលមិនគ្រាន់តែផ្តល់ជូនសម្រាប់ប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងបានទាក់ទាញទេសចរណ៍ប្រទេសទីបីបានច្រើនទៀតផង។ ច្រករបៀងខាងត្បូង មានខេត្តជាប់សមុទ្រ និងឆ្នេរដ៏ស្រស់ស្អាត ក៏ជាតំបន់ប្រវត្តិសាស្រ្ត និងវប្បធម៌ធម្មជាតិដ៏ទាក់ទាញ ដែលអាចបង្កើតកញ្ចប់ខ្សែទស្សនកិច្ច រវាងប្រទេសទាំងពីររួមបញ្ចូលដំណើរកម្សាន្តតាមនាវាសមុទ្រ និងទន្លេផង។
លោក ថោង ខុន ក៏បានជម្រាបជូនអង្គពិធីពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រករបៀងខាងត្បូង ក្នុងក្របខណ្ឌ GMS ជាអាថ៌កំពង់ផែទេសចរណ៍នៅខេត្តកំពត ការពង្រីកផ្លូវជាតិលេខ៤៨ តាមរបៀងមាត់សមុទ្រ។ល។
ភាគីវៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ទេសចរកម្ពុជាដែលទៅទស្សនាប្រទេសរបស់ខ្លួន មានចំនួន ២១២,០០០នាក់ ហើយក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ មានទេសចរកម្ពុជាចំនួន ១៣១,០០០នាក់ បានទៅទស្សនាវៀតណាមផងដែរ។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវដល់រដ្ឋបាលទេសចរណ៍ជាតិវៀតណាម និងក្រុមហ៊ុនទេសចរណ៍វៀតណាម រួមទាំងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងអន្តរជាតិទាំងអស់ ទាំងនៅក្នុង និងក្រៅសមាគមទេសចរណ៍ចូលរួមក្នុងពិពរ័ណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១ (CTM) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ នៅមជ្ឈមណ្ឌសន្និសីទសណ្ឋាគារសុខាសៀមរាប ក្នុងខេត្តសៀមរាប។ មកទល់ពេលនេះ កម្ពុជាបានទទួលការឆ្លើយតបចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ពីប្រទេសព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងហ្វីលីពីន។
សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ កើនឡើង ៥% ក្នុងនោះមានទេសចរវៀតណាម ៩៥៩,៦៦៣នាក់ ឈរក្នុងលំដាប់ទី១។ សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២.៧លាននាក់ កើនឡើង ១២.៨% ក្នុងនោះទេសចរវៀតណាមមានចំនួន ៣៩២,៣៨៨នាក់ ស្ថិតក្នុងលំដាប់លេខរៀងទី២ នៃទីផ្សារអាទិភាពទាំង១០របស់កម្ពុជា៕