(កូឡាឡាំពួរ)៖ បេសកកម្មរបស់ក្រុមអត្តពលិកកម្ពុជា នៅក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម SEA Games 2017 លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបញ្ចប់ទាំងស្រុងហើយ នៅជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ក្រោយសម្រេចបំណងការពារកៅអីចំណាត់ថ្នាក់លេខ៨ ក្នុងតារាងមេដាយប្រកួត។ មិនតែប៉ុណ្ណោះ កម្ពុជាថែមទាំងដណ្ដើមបានមេដាយមាសច្រើនជាង កាលពីស៊ីហ្គេម លើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីទៀតផង ។
សម្រាប់ថ្ងៃចុងក្រោយនៃការប្រកួតនារសៀលថ្ងៃទី២៩ ខែសីហានេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៣វិញ្ញាសាបន្ថែម រួមមានមេដាយមាស ២ ដណ្ដើមបានដោយកីឡាករគុនខ្មែរ ឃឹម ឌីម៉ា និងវីរៈកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងមេដាយប្រាក់ ១ ដណ្ដើមបានដោយកីឡាករគុនខ្មែរ ម៉ឺន សុភា ។ សរុបមេដាយទាំងអស់ ក្រោយកម្ពុជាចូលរួមប្រកួតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៩ ខែសីហានេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១៧ វិញ្ញាសា រួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១២ ។
តាមរយៈលទ្ធផលខាងលើ បានជួយឲ្យកម្ពុជា បន្ដឈរចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ដូចកាលពីស៊ីហ្គេម ឆ្នាំ២០១៥ ដែរ ប៉ុន្ដែកាលពីស៊ីហ្គេម ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាដណ្ដើមបានមេដាយសរុបត្រឹម ១៥ រួមមានមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៩ ប៉ុណ្ណោះ ។ យ៉ាងណាមិញនេះគឺជាគោលដៅ របស់ថ្នាក់ដឹកនាំកីឡាកម្ពុជា ចង់បានមុនចេញទៅចូលរួមប្រកួត មហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ដែលមាន ១១ប្រទេសចូលរួមនេះ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកបេសកកម្ម៕