(កំពត)៖ លោក ខាន់ សុផល ព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្ត លោក ជឹង ផល្លា និងលោក នៃ គង់ អភិបាលរងខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅអាងស្តុបទឹកទំនប់ប្រទះក្រឡា ដោយមានជនខិលខូចរំលោភយកដីភ្នំតាប៉ុក ដោយខុសច្បាប់ យកជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតនៅភូមិបុស្សញេញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
លោក ជឹង ផល្លា បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៩ ខែសីហា នេះថា ដោយមានក្រុមការងារ ចុះមកពិនិត្យស្ថានភាពជាក់ស្តែង ឃើញថា ផ្ទៃបឹងធម្មជាតិដែលមានទេសភាពដ៏ស្រស់ស្អាតនេះ និងភ្នំតាប៉ុក ដែលលាតសន្ធឹងទិសខាងលិចជាប់មាត់បឹងអាងស្តុបទឹកពិតជាមានគេ ចាក់ដី និងកាយភ្នំរំលោភ យកក្នុងទ្រង់ទ្រាយធំ មិនមែនជាកំហុសរដ្ឋបាលទេ គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដូច្នេះហើយរូបលោកដែលតំណាងឲ្យលោកអភិបាលខេត្ត ចាន់ ចេស្តា ត្រូវផ្ទេរភារកិច្ចដ៏សំខាន់នេះ ឲ្យទៅស្ថាប័នអាយ្យការអមសាលាដំបូងខេត្តកំពត ជាអ្នកចាត់កាត់ការតាមច្បាប់វិញ ហើយលោកបានណែនាំឲ្យស្ថាប័នជំនាញជាពិសេស ប្រគល់ភារកិច្ចនេះឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ជាអ្នកកសាងសំណុំរឿង ដើម្បីស្វែងរកជនល្មើសដែលពាក់ព័ន្ធក្នុងករណីនេះមកប្រឈមចំពោះមុខច្បាប់។
ក្រុមការងារដែលចុះទៅពិនិត្យនោះ បានឲ្យដឹងថា ក្នុងស្ថានភាពពិនិត្យជាក់ស្តែងរបស់ក្រុមការងារខាងលើ ឃើញថាអាងស្តុបទឹកទំនប់ប្រទ្រះក្រឡា ដ៏ធំនេះត្រូវបានជនខិលខូចមួយចំនួន អាចសង្ស័យមានការពាក់ព័ន្ធជាមួយអាជ្ញាធរខ្លះ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ដែលចាក់ដី រំលោភទាំងបំពានច្បាប់យកផ្ទៃអាងរបស់រដ្ឋនេះ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន អស់ជាច្រើនកន្លែងខ្លះមានទំហំធំខ្លះតូច ពុំនោះសោធដីភ្នំតាប៉ុក នេះទៀតត្រូវបានជនខិលខូចដែលមានការពាក់ព័ន្ធខាងលើនេះផងដែរ។ ដោយរំលោភជីកកាយយកអាចម៍ដី ដែលបំផ្លាញភ្នំក្នុងទ្រង់ទ្រាយធំ យកទៅចាក់ក្នុងផ្ទៃអាងស្តុបទឹក និងយកទៅប្រកបរបរអាជីវកម្មផ្សេងៗ ដោយគ្មានច្បាប់អនុញ្ញាតនោះឡើយ។
ប្រជាពលរដ្ឋជាម្ចាស់ទឹកម្ចាស់ដី ដែលរស់នៅជិតកន្លែងបឹងអាង និងភ្នំតាប៉ុក ជាយូរឆ្នាំមកហើយនោះ បានឲ្យដឹងដែរថា បឹងអាង និងភ្នំតាប៉ុកនេះ ត្រូវបានគេចាក់ដីរំលោភ យកជាពិសេសកន្លងមក និងនៅពេលថ្មីៗមកនេះ ដោយយកអាចម៍ដីចេញពីភ្នំតាប៉ុក ទៅចាក់ក្នុងផ្ទៃមាត់បឹង រំលោភជាច្រើនកន្លែង ប៉ុន្តែម្ចាស់ដីទាំងអស់នោះ មិនដឹងមកពីណាទេ ហើយក៏មិនមែនជាប្រជាពលរដ្ឋដែរ តាមដំណឹងថា សុទ្ធជាអ្នកមានលុយ មកពីក្រៅប្រទេស ដែលមានគេអូសទាញមកទិញដីនៅទីនេះហើយមួយចំនួនទៀតជាអ្នកមានអំណាច ដែលមានការពាក់ព័ន្ធជាប្រព័ន្ធ ជាមួយអាជ្ញាធរ និងស្ថាប័នដែលពាក់ព័ន្ធ ពីព្រោះកន្លងមកប្រជាពលរដ្ឋ គេឃើញ អាជ្ញាធរ និងស្ថាប័ន ចុះមកត្រួតពិនិត្យជាច្រើនដងដែរ តែស្ងាត់ឈឹង ដោយអត់មានចំណាត់ការណាមួយឡើយ៕