(កំពង់ស្ពឺ)៖ គ្រាប់បែកទម្លាក់ពីលើយន្តអាមេរិក ប្រភេទ MK 82 មួយគ្រាប់ទៀតហើយ ដែលត្រូវបានកម្លាំងជំនាញមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដោះបាន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា គ្រាប់បែកប្រភេទ MK 82 ដែលទើបរកឃើញនេះ គឺគុណភាពល្អណាស់ ហើយក្រុមជំនាញស៉ីម៉ាក់ បានដោះបន្សាបដោយជោគជ័យ នៅភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានេះ លោក ហេង រតនា បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយត្ន័ចំពោះសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចសម្លាប់ ធ្វើឲ្យរបួស និងបំផ្លាញសំភារៈរបស់បងប្អូនគ្មានក្តីមេត្តាឡើយ។
គួរកត់សម្គាល់ថា ជារឿយៗមន្ត្រីជំនាញរបស់ស៉ីម៉ាក់ តែងតែរកឃើញ និងដោះបន្សសា យកគ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិក ប្រភេទ MK 82 ជាបន្តបន្ទាប់ នៅខេត្តកណ្តាល ខេត្តតាកែវ កំពង់ស្ពឺ ជាដើម។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕