(កូឡាឡាំពួរ)៖ វិរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងកីឡាការិនីហ្វីលីពីន ដើម្បីដណ្តើមមេដាយមាស នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។
ស៊ន សៀវម៉ី នឹងធ្វើការប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាមដែលមានអត្តពលិកមកពី៤ប្រទេសប៉ុណ្ណោះរួមមាន ឡាវ ហ្វីលីពីន កម្ពុជា និងម្ចាស់ផ្ទះម៉ាឡេស៊ីដែលធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើងទៅ ហើយជាបណ្តោះ អាសន្ន សៀវម៉ី ទទួលកក់មេដាយប្រាក់ក្នុងដៃរួចហើយ។
អតីតម្ចាស់មេដាយមាស កីឡាតេក្វាន់ដូប្រចាំទ្វីបអាស៊ីឆ្នាំ២០១៣ ស៊ន សៀវម៉ី បានផ្តួលម្ចាស់ផ្ទះម៉ាឡេស៊ីដោយ់ពិន្ទុ ដាច់ដោយលទ្ធផល ១៤ ទល់នឹង ៣ ដើម្បីឡើងទៅជួបកីឡាការិនីហ្វីលីពីន ដែលបានយកឈ្នះឡាវ ក្នុងវគ្គ៤នាក់ដូច គ្នា។ សៀវម៉ី អត្តពលិក ក៏ដូចជាកីឡាចុងក្រោយរបស់កម្ពុជាសម្រាប់ SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលជាបណ្តោះអាសន្ន កម្ពុជាដណ្តើមបានមេដាយមាស ២គ្រឿង ប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង សរុប ១៦គ្រឿង ក្នុងចំណោមក២៤ប្រភេទដែលបញ្ជូនទៅប្រកួតនោះ។
មួយវិញទៀត ការប្រកួតដណ្តើមមេដាយមាសឲ្យខានតែបានរបស់ សៀវម៉ី គឺដើម្បីជួយឲ្យកម្ពុជាឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៨ លើឡាវវិញដែលជាគោលដៅរបស់ថ្នាក់ដឹកនាំកីឡាកម្ពុជាក្នុង SEA Games លើកនេះ៕