(តូក្យូ-ជប៉ុន)៖ និស្សិតរបស់កម្ពុជាមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានផ្តួលក្រុមខ្លាំងរបស់ចិន និងដណ្តើមបានពានចំនួនពីរនៅក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងតូក្យូ ប្រទេសចិន តែទោះជាយ៉ាងណាក្រុមនិស្សិតកម្ពុជា មិនបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះជប៉ុន។
លោក សារិន សិរីវត្ថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៃវិទ្យាស្ថាន NPIC បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះថា បន្ទាប់ពីការយកឈ្នះការប្រកួតថ្នាក់ជាតិ៤ឆ្នាំជាប់ៗគ្នា (២០១៤, ២០១៥, ២០១៦ និង២០១៧) និស្សិតវិទ្យាស្ថាន NPIC ត្រូវបានជ្រើសរើសឲ្យតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតរ៉ូបូតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ABU Robocon) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមលោក សិរីវត្ថា ការប្រកួតនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន១៨ ចូលរួមប្រកួតប្រជែង និងចែកចេញជា ៧ពូល។ កម្ពុជា ស្ថិតនៅក្នុងពូល D ជួបជាមួយចិន និងជប៉ុន។ ការប្រកួតនៅថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ កម្ពុជា បានយកឈ្នះចិន តែបានចាញ់ក្រុមប្រទេសជប៉ុន ដូច្នេះកម្ពុជា មិនបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនោះឡើយ។
បើទោះបីមិនបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ តែកម្ពុជា បានឈ្នះពានរង្វាន់ចំនួនពីរ គឺពាន «BEST IDEA AWARD» និង ពាន «SPECIAL AWARD»៕