(តាកែវ)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២៩ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប៉ុន្ដែមិនបានដំណើរការនោះទេនៅស្រុកសំរោង ខេត្តតាកែវ ព្រោះថាអភិបាលស្រុកមិនអនុញ្ញាត។
លោក ពេជ្រ ស្រស់ បានប្រាប់យ៉ាងដូច្នេះថា «យុទ្ធនាការថ្ងៃទី២៩នេះ ក្រុមយើងខ្ញុំ មិនអាចចុះរ៉ៃអង្គាសថវិកា នៅក្នុងទឹកដីស្រុកសំរោង ខេត្តតាកែវបានទេ ដោយហេតុថា អភិបាលស្រុកសំរោង មិនអនុញ្ញាតឲ្យក្រុមយើងខ្ញុំ ចុះរ៉ៃអង្គាសថវិកានោះឡើយ»។
ប្រធានគណបក្សរូបនេះ បញ្ជាក់ថា បើយោងតាមការរៀបរាប់របស់ លោកមេឃុំរងទី២ បានលើកឡើងថា «លោកអភិបាលស្រុកសំរោង បានផ្តល់អនុសាសន៍ថា មិនអនុញ្ញាតឲ្យចុះរ៉ៃអង្គាសថវិកាទេ ពីព្រោះថាចេតិយលោកបណ្ឌិត ខ្វះលុយប៉ុន្មានលោកនាយករដ្ឋមន្រ្តី នឹងជួយទាំងអស់តែម្តង ដូច្នេះមិនបាច់ឲ្យក្រុមនោះ ចុះរ៉ៃអង្គាសឡើយ»។
សូមបញ្ជាក់ថា យុទ្ធនាការ៣០ ថ្ងៃរ៉ៃអង្គាសថវិកា ដើម្បីចូលរួមកសាងចេតិយជូនលោកបណ្ឌិត កែម ឡី នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះហើយ ប៉ុន្តែនៅថ្ងៃទី២៩ នេះការរ៉ៃអង្គាសថវិកាត្រូវបានខកខាន មិនបានចុះរ៉ៃអង្គាស ដោយហេតុថា លោកអភិបាលស្រុកសំរោងមិនអនុញ្ញាត ហើយទីកន្លែងត្រូវហាមឃាត់នោះ មានដូចជា៖ ផ្សារបាង្គសី, ផ្សារអង្គតាសោម៕