(ភ្នំពេញ)៖ យុវជន គា សាន់ណឺ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានក្លាយជានិស្សិតខែ្មរទី១ ដែលទទួលបានឱកាសទៅបំពេញកម្មសិក្សា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៧។
និស្សិត គា សាន់ណឺ ចាត់ទុកជានិស្សិតកម្ពុជា ដំបូងមកពីសាកលវិទ្យាល័យឯកជន ដែលទទួលបានឱកាសដ៏ពិសេសនេះ ក្នុងការអភិវឌ្ឍជំនាញ សមត្ថភាព និងបទពិសោធន៍ពីអង្គការលំដាប់ពិភពលោក ហើយខ្លួនពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយតំណាងរបស់និស្សិត សាកលវិទ្យាល័យ AUPP ក៏ដូចជាតំណាងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
និស្សិតរូបនេះ បានកោតសរសើរចំពោះការផ្តល់ឱកាស សម្រាប់ការចុះកម្មសិក្សា របស់សាកលវិទ្យាល័យ AUPP ថា «បរិយាកាសកម្មសិក្សាការងារ បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ជីវិតថ្មីៗជាច្រើន ជាពិសេសនៅពេលជួបបញ្ហាត្រូវដោះស្រាយ ការចេះគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព ការបង្កើតបណ្តាញទំនាក់ទំនង ការបង្កើតបទបញ្ជាផ្សេងៗ ការរៀបចំផែនការការងារ ការវិភាគទិន្នន័យ ជាដើម»។
ក្រោយពីបញ្ចប់កម្មសិក្សាភ្លាម យុវជន គា សាន់ណឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមាននិស្សិត AUPP ក៏ដូចជានិស្សិតខ្មែរផ្សេងៗទៀត នឹងទទួលបានឱកាសកម្មសិក្សាដូចគ្នានេះ ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ ទទួលបានការដកពិសោធន៍ពីការងារ និងការអនុវត្តចំណេះដឹង ដែលទទួលបានពីការអប់រំ ក្នុងបរិយាកាសការងារជាក់ស្តែង។
កម្មសិក្សានេះ ផ្តោតសំខាន់លើការទំនាក់ទំនងប្រកបដោយជំនាញវិជ្ជាជីវៈ របៀបរបបធ្វើការងារនៅអង្គការសហប្រជាជាតិ និងការប្រាស្រ័យទាក់ទង ជាមួយមន្ត្រីជាន់ខ្ពស់តាមផ្នែកនីមួយៗ ដូចជា មន្រ្តីការទូតមកពីប្រទេសនានា ជុំវិញពិភពលោក និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាតំណាងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ តាមរយៈកម្មវិធីកម្មសិក្សានេះ និស្សិត គា សាន់ណឺ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ AUPP, ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងក្រសួងការបរទេសកម្ពុជា ដែលបានផ្តល់ឱកាសកម្មសិក្សា ដ៏មានសារៈប្រយោជន៍នេះ។
AUPP បាននិងកំពុងផ្តល់ឱកាសកម្មសិក្សាទាំងក្នុង និងក្រៅប្រទេសសម្រាប់និស្សិតទាំងអស់ ដើម្បីឲ្យពួកគាត់ទទួល បាននូវបទពិសោធន៍ការងារ អភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន សំដៅជំរុញឲ្យទទួលបានជោគជ័យ ក្នុងអាជីពការងារក្រោយពីបញ្ចប់ការសិក្សា។ ក្រៅពីនៅអង្គការសហប្រជាជាតិ AUPP បានបញ្ជូននិស្សិតទៅចុះកម្មសិក្សា នៅតាមក្រុមហ៊ុន និងស្ថាប័នធំៗ និងកំពូលៗនៅក្រៅប្រទេសមួយចំនួនទៀត ដូចជា អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាធិការអាស៊ាន នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី នៅថៃ ហ្វីលីពីន និងសឹង្ហបុរីជាដើម។
AUPP ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ សម្រាប់និស្សិតថ្មី និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕