(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានសហការជាមួយក្រុមហ៊ុន KOFI រៀបចំវាយតម្លៃសមត្ថភាពយុវជន ដែលកំពុងបម្រើការងារតាមភោជនីយដ្ឋាន ហាងកាហ្វេ ឬសណ្ឋាគារ ដែលមានជំនាញឆុងកាហ្វេ (Barista) ដើម្បីលើកកម្ពស់ជំនាញទេសចរណ៍ និងផ្ដល់ការតម្រង់ទិសលើការអភិវឌ្ឍជំនាញបន្ថែម។
ការវាយតម្លៃបានប្រព្រឹត្តទៅដោយមានពីរវិញ្ញាសា គឺវិញ្ញាសាសរសេរ រយៈពេល១ម៉ោង និងវិញ្ញាសាអនុវត្តជាក់ស្ដែង រយៈពេល១៥នាទី មានយុវជន៣៦នាក់ (វគ្គទី១) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការិយាល័យក្រុមហ៊ុនខូហ្វី។
នីតិវិធី និងវិធីសាស្ត្រវាយតម្លៃនេះស្របតាមយន្តការវាយតម្លៃជាតិ និងអាស៊ាន ហើយអ្នកវាយតម្លៃក៏បានទទួលការបណ្ដុះបណ្ដាល ពីលេខាធិការដ្ឋានអាស៊ានផងដែរ។ ជ័យលាភីនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពលើជំនាញឆុងកាហ្វេ ពីក្រសួងទេសចរណ៍ ដោយមានការទទួលស្គាល់ពីលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ព្រមទាំងទទួលបានការកត់ត្រាសមត្ថភាពចូលទៅក្នុងសៀវភៅជំនាញ ទេសចរណ៍ (Tourism Skill Passport) សម្រាប់ប្រើប្រាស់ក្នុងអាជីពការងាររបស់ខ្លួន ទាំងក្នុងប្រទេស និងតំបន់អាស៊ាន។
កន្លងមក ក្រសួងទេសចរណ៍ក៏បានធ្វើការវាយតម្លៃលើជំនាញមួយចំនួនផ្សេងៗទៀត ផ្នែកសណ្ឋាគារផងដែរ ស្របតាមយន្តការខាងលើ។ ការវាយតម្លៃសមត្ថភាពបុគ្គលិកកំពុងបម្រើការងារនេះ ជាកម្មវិធីការងារមួយរបស់ក្រសួងទេសចរណ៍ ដើម្បីលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន ក៏ដូចជាការតម្រង់ទិសវិជ្ជាជីវៈ ទៅថ្ងៃអនាគត ស្របតាមវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ (Tourism Skill Path)។
កម្មវិធីវាយតម្លៃសមត្ថភាពខាងលើ ក៏ស្ថិតក្នុងក្របខណ្ឌនៃមុំយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ» ដែលក្រសួងទេសចរណ៍បានដាក់ចុះ ដើម្បីសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០១៧-២០២៥ របស់ខ្លួន។
សូមរំលឹកថា បច្ចុប្បន្នយុវជនប្រមាណ៦២ម៉ឺននាក់ កំពុងបម្រើការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ ហើយនៅឆ្នាំ២០២០ ជាមួយនឹងការរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ កម្ពុជាត្រូវការកម្លាំងពលកម្មផ្ទាល់ប្រមាណជិត ១លាននាក់ ដែលនេះជាឱកាសដ៏ធំធេង សម្រាប់យុវជនចាប់យកជំនាញទេសចរណ៍ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមវិថីអភិវឌ្ឍន៍ជំនាញ ដែលក្រសួងទេសចរណ៍បានដាក់ចុះ។
ព័ត៌មានស្ដីពីការសិក្សា និងការងារជំនាញទេសចរណ៍ សូមទំនាក់ទំនង ០៧៧ ៤៤៤ ០០៧ ឬ ០៩៦ ៦៩ ៦៩ ១០០ ឬតាមរយៈអ៊ីមែល [email protected]៕