(ភ្នំពេញ)៖ ទីបំផុត លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ សម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្នហើយ ដោយជាប់ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
មន្ត្រីតុលាការ ថ្លែងថា ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។
មាត្រា១៧នៃច្បាប់នេះចែងថា «ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញ ឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិឬដែលសមស្របទៅនឹងបទបញ្ញតិ»។
មាត្រា៦៣វិញចែងថា «ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល»។
នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។
សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕