(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៧នេះ បទល្មើសសន្តិសុខសង្គមមានការថយចុះ បើប្រៀបធៀបទៅនិងឆ្នាំ២០១៦ ដោយអង្គភាពបានយកចិត្តទុកដាក់ ដោយដាក់ចេញនៅវិធានការ តាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ធ្វើការប្រចាំការតាមគោលដៅសំខាន់ៗ ជាពិសេសទីប្រជុំជនដូចជា រម្មណីយដ្ឋាន ផ្សា (កន្លែងលក់មាស វេប្រាក់ គ្រិះស្ថានឯកជននានា)។

ការថ្លែងបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពិធីបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារតាមផែនការជំនាញនីមួយៗ និងណែនាំពង្រឹង ការងារមន្ត្រីនគរបាល យុត្តិធម៌ក្នុងកងរាជអាវុធហត្ថ ដែលដឹកនាំក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយលោកឧត្តមសេនីយ៍ឯក ស៊ីន សុផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារ នគរបាលយុត្តិធម៌ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ មានការចូលរួមពីមន្ទីរជំនាញ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការក្រុង-ស្រុក មន្ត្រីនគបាលយុត្តិធម៌ចំណុះ បញ្ជការដ្ឋាន ដោយរៀបចំធ្វើឡើងរយៈពេលពេញមួយថ្ងៃ ដោយបែងចែកជាពីរ ព្រឹក-ល្ងាច។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងបន្ថែមទៀតថា ក្នុងពេលការពារគោលដៅកម្លាំងទាំងអស់ធ្វើការល្បាតចល័ត ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយបានសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានធ្វើការបង្ការបង្ក្រាបបានទាន់ពេលវេលា ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៥១នាក់ រកឃើញជនពាក់ព័ន្ធ៣១នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធសារធាតុញៀន១៣នាក់ បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ដោយឡែកជនមិនជាប់ពាក់ព័ន្ធ៧នាក់ឲ្យវិលទៅផ្ទះវិញ។

លោកមេបញ្ជាការ បានបញ្ជាក់ថា ដើម្បីធានាគ្រប់មុខសញ្ញាបង្កអសន្តិសុខ និងល្មើសច្បាប់ អង្គភាពបានស្រង់ស្ថិតិ គ្រប់មុខសញ្ញាចេញពីពន្ធនាគារ ស្ថិតិរោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ខារាអូរខេ ក្រុមហ៊ុនអាជីវកម្មរ៉ែ ដេប៉ូឈើ កន្លែងសិប្បកម្ម ហាងបញ្ចាំ រួមទាំងមណ្ឌលសុខភាព។ល។ ដោយធានាបានការគ្រប់គ្រង និងសហការល្អពីម្ចាស់ និងអ្នកគ្រប់គ្រង
ទាំងអស់។

ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ស៊ីន សុផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារនគរបាលយុត្តិធម៌ បានថ្លែងថា «ដោយមើលឃើញភាពចាំបាច់ក្នុងការងារបែងចែកតួនាទី ជួយមេបញ្ជាការ កម្លាំងកងរាជអាវុធហត្ថត្រូវស្វែងយល់អំពីតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ ជាពិសេសនគរបាលយុត្តិធម៌ ដែលកំពុងអនុវត្តតួនាទី នៅតាមអង្គភាព ដែលត្រូវសិក្សាពីជំនាញនគរបាលយុត្តិឲ្យបានច្បាស់លាស់»។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ថ្ងៃនេះ អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់នគរបាលយុត្តិកាន់តែច្បាស់ថែមទាំងអនុវត្ត ការងារនេះមានប្រសិទ្ធិភាពយ៉ាងចាំបាច់ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងអង្គភាព៕