(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថលើប្រទេស សហការជាមួយក្រុមមន្រ្តីអង្គការ អភិរក្ស ជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបការនេសាទខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប ស្ថិតនៅឃុំកោះកែវ និងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បន្ទាប់ពីមានព័ត៌មាន និងសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា បើទោះជាពេលនេះជារដូវត្រីពងក៏ពិតមែន តែសកម្មភាពនេសាទខុសច្បាប់របស់ជនជាតិវៀតណាម បាននិងកំពុងកើតមានឡើងយ៉ាងពេញបន្ទុក។
លោក ទន់ ទីណាត អនុប្រធានការិយាល័យអង្គការ អភិរក្ស ជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើប្រទេសកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងរបស់លោកដឹកនាំដោយលោក សោម សុផានណ្ណារ៉ា ដែលជាប្រធានអង្គការមានចំនួន៥នាក់ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនិយ៍ឯក ច័ន្ទ រិទ្ធិ បានចុះបង្រ្កាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប ដែលប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាមរហូតដល់១៥នាក់ ដកហូតទូកនេសាទចំនួន៦គ្រឿង និងស្បៃមុងប្រវែង៦៥៦០ម៉ែត្រផងដែរ។
សម្រាប់ជនល្មើស និងវត្ថុតាងទាំងនេះលោក ទន់ ទីណាត បានបញ្ជាក់ថា កម្លាំងប្រតិបត្តិការបានប្រគល់ជូនខាងរដ្ឋបាលជលផល ស្រុកកណ្តៀងរួចហើយ ចាត់ការបន្តទៀតតាមច្បាប់។ បើតាមមន្រ្តីអង្គការរូបនេះ ប្រតិបត្តិការចុះបង្ក្រាបសកម្មភាពនេសាទខុសច្បាប់ នៅក្នុងរដូវត្រីពងនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ នៅទីតាំងផ្សេងទៀត បើទោះបីជាជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ ក្នុងនោះកម្លាំងតិច និងប្រឈមជាមួយក្រុមនេសាទដែលមានគ្នាច្រើនទៀតផង។
សូមបញ្ជាក់ថា រដ្ឋបាលជលផលបានចេញបំរាម មិនឲ្យធ្វើការនេសាទចាប់ពីខែកក្កដា ដល់ខែតុលា ជារៀងរាល់ឆ្នាំ ពីព្រោះជារដូវត្រីពង តែសកម្មភាពនេសាទខុសច្បាប់ទាំងនេះ នៅតែបន្តកើតមានឡើង ដែលទាំងនេះត្រូវបានគេមើលឃើញថា មានការឃុបឃិតជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ៕