(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំជាមួយ ម្ចាស់មូលដ្ឋានអាជីវកម្មផ្ទះជួល បន្ទប់ជួល ក្នុងសង្កាត់ក្រាំងពង្រ និងសង្កាត់ប្រទះឡាង ដើម្បីណែនាំ និងសុំការយោគយល់ដល់ បងប្អូនជាម្ចាស់ផ្ទះជួលទាំងនោះ កុំតម្លើងថ្លៃបន្ទប់ជួល ខណៈដែលប្រាក់ខែកម្មករ ត្រូវបានតម្លើងនៅឆ្នាំ២០១៨ខាងមុខ ស្របតាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន។  

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោកអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ និងម្ចាស់ផ្ទះជួល ក្នុងសង្កាត់ក្រាំងពង្រ និងប្រទះឡាង ចំនួន៩០ទីតាំង។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោក នុត ពុធដារ៉ា បានណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
-ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីតាំងបន្ទប់ជួល សុំឲ្យបងប្អូនម្ចាស់ផ្ទះជួលទាំងអស់ សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ប៉ុស្តិ៍ ដើម្បីរាយការណ៍អំពីបញ្ហានានា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ និងត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកជួលទាំងអស់ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីងាយស្រួលធ្វើការគ្រប់គ្រង។

-សុំឲ្យម្ចាស់អាជីវកម្មផ្ទះជួល បន្ទប់ជួលទាំងអស់ ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មឲ្យបានត្រឹមត្រូវ នៅការិយាល័យច្រកចេញចូលតែមួយ និងក្នុងនោះលោកអភិបាល បានបញ្ជាដាច់ខាតមិនឲ្យមានការយកលុយប្រចាំខែពីម្ចាស់ផ្ទះជួលឡើយ។ ប្រសិនបើមានបញ្ហាទាំងអស់នេះ សុំឲ្យធ្វើការរាយការណ៍បន្ទាន់ មករដ្ឋបាលខណ្ឌ ដើម្បីចាត់វិធានការ។ ហើយចំពោះបញ្ហា កង្វល់ និងតម្រូវការនានា សូមរាយការណ៍ មករដ្ឋបាលខណ្ឌដើម្បីដោះស្រាយជូន ហើយរដ្ឋបាលបង្កលក្ខណៈងាយស្រួលដល់បងប្អូនជាម្ចាស់ផ្ទះជួល មានជីវភាពល្អប្រសើរ។

ក្នុងឱកាសនោះ បងប្អូនម្ចាស់បន្ទប់ជួលទាំងអស់ បានធ្វើការប្តេជ្ញាចិត្តរួមគ្នាចំពោះមុខរដ្ឋបាលខណ្ឌ ស្របតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថា «មិនតម្លើងថ្លៃបន្ទប់ជួលឡើយ» នៅពេលដែលកម្មករ-កម្មការិនី ត្រូវបានតម្លើងប្រាក់ខែ នៅឆ្នាំ២០១៨ខាងមុខ គឺរក្សាតម្លៃឈ្នួលបន្ទប់នៅដដែល៕