(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានបើកសវនការរឿងក្តីយុវជនម្នាក់ បានរឹតកសម្លាប់សង្សាររបស់ខ្លួន កាលពីចុងឆ្នាំ២០១៦ កន្លងទៅ ហើយបន្ទាប់ពីបញ្ចប់ការសួរដេញដោលរួចមក តុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សារជំនំជំរះសាលាដំបូងរាជធានីភ្នំពេញ បានសំរេចលើកយកសំណុំរឿងក្តីមួយនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។ ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នែក្រមព្រហ្មទណ្ឌ ដែលប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត។

សូមបញ្ជាក់ថា ជនដៃដល់រូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់សាលាដំបូង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦  ក្រោមការចោទប្រកាន់ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលបទចោទនេះ អាចឲ្យជនជាប់ចោទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ជនដៃដល់ឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ បានរឹតកសម្លាប់នារីរងគ្រោះ ដែលជាសង្សាររបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលេខ៤២C ក្នុងខណ្ឌសែនសុខ ហើយដឹកសពតាមម៉ូតូស្កូពី របស់នារីរងគ្រោះយកទៅទម្លាក់ចោលនៅគំនរសំរាម លើកំណាត់ផ្លូវលេខ ១៥៣ ភូមិពោងពាយ សង្កាត់គ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោងប្រមាណ៦ល្ងាច​៕