(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានប្រតិកម្មខ្លាំងៗរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន លើតម្លៃទឹកប្រើប្រាស់នោះ នៅមុននេះបន្តិចនាវេលាថ្ងៃត្រង់ទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រកាសទទួលស្គាល់ពីកំហុសបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្វើការគណនា និងចេញវិក្កិយបត្រពុំត្រឹមត្រូវ បណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ហើយក្រសួងក៏បាន បញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តការគណនាតម្លៃទឹក តាមរបៀបគណនាចាស់ និងសងលុយជូនអតិថិជន ដែលមានផលប៉ះពាល់ទាំងអស់ ជាបន្ទាន់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនយ៉ាងដូច្នេះថា «ដោយអនុវត្តនយោបាយបញ្ចុះថ្លៃលក់ទឹក របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្ដីសម្រេចស្ដីពី ការកែសម្រួលថ្លៃលក់ទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ១៤៩ MIH/2007 ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ដោយបានបន្ថែមកម្រិតប្រើប្រាស់ ពី០ ទៅ៣ម៉ែត្រគូប ថ្លៃត្រឹមតែ៤០០រៀល ក្នុង១ម៉ែត្រគូបតែប៉ុណ្ណោះ ដែលពីមុនមានតម្លៃ៥៥០ម៉ែត្រ ក្នុង១ម៉ែត្រគូប»។
តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលស្គាល់ថា ការអនុវត្តតាមសេចក្ដីសម្រេចនេះ ដោយមានកំហុសបច្ចេកទេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការគណនា និងចេញវិក្កិយបត្រពុំត្រឹមត្រូវបណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងលោក ឯក សុនចាន់ រដ្ឋលេខាធិការ ចុះទៅដោះស្រាយបញ្ហាទឹកជាមួយ រដ្ឋាករទឹក បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើនខុសពីការអំពាវនាវរបស់សម្ដេច នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសឲ្យសង់លុយទៅប្រជាពលរដ្ឋវិញផងដែរ បន្ទាប់ពីយកថ្លៃលើសនាពេលកន្លងទៅនេះ។
ប្រតិកម្មរបស់ប្រមុខនៃរាជរដ្ឋាភិបាលខាងលើនេះ បានកើតមានឡើងក្រោយពី បញ្ហាតម្លៃទឹកនៅរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ រិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់ក្នុងរយៈពេលថ្មីកន្លងមកនេះ ពោលចាប់តាំងពីខាងរដ្ឋាករទឹក កំណត់ឲ្យប្រជាពលរដ្ឋបង់ថ្លៃទឹកមួយខែម្ដង ដែលកាលពីមុនគឺបង់២ខែម្ដង។
សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗឲ្យដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋវិញ នៅលើ Facebook របស់សម្ដេចនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំទើបបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក។ ខ្ញុំបានបញ្ជាឲ្យទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករ ទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបាន យកលើសពីប្រជាជនតាមរបៀបថ្មី។ សូមអរគុណចំពោះបងប្អូនប្រជាជន ដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ»៕