(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសច្រកទ្វារអន្ដរជាតិ និងច្រករបៀងផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធថែមទៀត។
បញ្ជានេះត្រូវបានដាក់ចេញឡើង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីប្រធាន អនុប្រធានពាក់ព័ន្ធមួយចំនួន មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៩ អធិការក្រុងស្រុក និងមេបញ្ជាការកងកម្លាំងតាម បណ្តាលក្រុងស្រុកទាំង៩ផងដែរ។
ក្រៅពីការចេញនូវបទបញ្ជានេះ លោក ថន សាវុន បានប្រាប់ឲ្យកម្លាំងត្រូវអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆមាសទី២ ឆ្នាំ២០១៧ ឲ្យទទួលបានលទ្ធផលល្អបន្ថែមទៀត ហើយចំពោះមន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំអន្តរជាតិ និងច្រករបៀងផ្សេងៗ ត្រូវអនុវត្តតួនាទីភារកិច្ច ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ ឲ្យសាកសមជាមន្ត្រីនគរបាលជាតិ ក្នុងការសម្រួលទិដ្ឋការចេញចូលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកាន់ខេត្តរតនគិរី និងការចេញទៅព្យាបាលជំងឺ នៅតាមខេត្តជាប់ព្រំដែន។
ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី បន្ថែមថា ដើម្បីបង្កើនប្រសិទ្ធិភាព នៃការការពារ និងការអភិរក្សធនធានធម្មជាតិ សូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គ្រប់លំដាប់ថ្នាក់ ចាត់វិធានការដក់ហូត រណាយន្តកាត់ អាឈើដែលពុំមានច្បាប់អនុញ្ញាត និងបញ្ឈប់ការចេញលិខិតបញ្ជាក់ ការទិញលក់ដី ក្នុងតំបន់ការពារធម្មជាតិ និងក្នុងតំបន់សហគមន៍មូលដ្ឋានរបស់ខ្លួន។
សូមជម្រាបថា កិច្ចប្រជុំនោះក៏មានរបៀបវារៈមួយចំនួន ដែលបានលើកយកមកផ្សព្វផ្សាយ និងពិភាក្សារួមមាន៖ ផ្សព្វផ្សាយលិខិតការទិញលក់ដី ក្នុងតំបន់ការការពារធម្មជាតិ និងក្នុងតំបន់សហគមន៍មូលដ្ឋាន ស្ថិតនៅភូមិសាស្រ្តខេត្តសាមី, ការពង្រឹកវិធានការលប់បំបាត់ ការដាក់ បុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ តាមផ្លូវគោក និងផ្លូវទឹក, យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី២ រយៈពេល៦ខែ, ការបង្កើតក្រុមការងារត្រួតពិនិត្យច្រករបៀង នៅតាមបន្ទាត់ព្រំដែន សម្របសម្រួលប្រការ២ និងប្រការ៦ នៃប្រកាសលេខ ១០២៤៥ប្រក ចុះថ្ងៃទី ១៥ ខែ ធ្នូរ ឆ្នាំ ២០១៥ ស្តីពីនីតិវិធី និងបែបបទនៃការចេញលិខិត បញ្ជាក់លំនៅក្នុងឃុំ សង្កាត់ ដោយអាជ្ញាធរឃុំ សង្កាត់ ជូនប្រជាពលរដ្ឋសម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោត៕