(ក្រចេះ)៖ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ដោយបាក់ដីរណ្ដៅជីករ៉ែមាស បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួស នៅយប់ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ទីតាំងដែលបាក់រណ្ដៅជីករ៉ែមាសនេះ មានម្ចាស់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស២នាក់ ឈ្មោះ ញ៉ែត ផាត អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្តោលស្រុកទឹកឈូក ខេត្តកំពត របួសត្រូវចំដៃខាងឆ្វេង និងប្រអប់ជើងខាងធ្វេង និងឈ្មោះ ហួន វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ របួសត្រូវចំក្បាល និងហូរឈាមតាមត្រចៀក (ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែក)។
លោក ណយ ស៊ីថាច អធិការរងនគរបាលស្រុកសំបូរ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា នៅពេលនេះ លោកបានបញ្ជូនកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ចុះទៅកាន់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងពិនិត្យជាក់ស្ដែង។
អធិការរងរូបនេះ បានបញ្ជាក់ថា ទីតាំងបាក់រណ្ដៅជីករ៉ែមាសនេះ នៅឆ្ងាយពីទីប្រជុំជន ពោលគឺនៅជិតព្រំប្រទល់ខេត្តមណ្ឌលគិរី ដូច្នេះហើយទើបកម្លាំងសមត្ថកិច្ចជំនាញចេញទៅនៅព្រឹកនេះ៕