(កណ្ដាល)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២៦ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានពលរដ្ឋចូលរួមបរិច្ចាគជាង២០០នាក់ នៅផ្សារបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា «បងប្អូនខ្មែរជាច្រើននាក់បានស្វាគមន៍ និងពេញចិត្ត យ៉ាងខ្លាំងចំពោះយុទ្ធនាការ៣០ ថ្ងៃរ៉ៃអង្គាសថវិកា ដើម្បីរួមចំណែកសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ប៉ុន្តែពួកគាត់បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមានលោក ប៉ា ងួនទៀង ផងដែរនោះ គឺពួកគាត់បានដាក់ងារឲ្យក្រុមនោះថា ជាក្រុមតាមស៊ីកេរ្តិ៍សពលោកបណ្ឌិតកែម ឡី»។
ពាក់ព័ន្ធការមិនពេញចិត្តនេះ លោក ពេជ្រ ស្រស់ បញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»។
សូមជម្រាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕