(ភ្នំពេញ)៖ តារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ត្រូវបាននគរបាលប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ចុះទៅឆែកឆេរលំនៅដ្ឋាននិងឃាត់ខ្លួន បន្ទាប់ពីសង្ស័យថា លក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។

លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។

សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕