(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺនៅមួយថ្ងៃមុនពេល ប៉ុលពត វាយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ ទ្រង់ស៊ីសុវត្ថិ សិរិមតៈ បានសរសេរសំបុត្រមួយច្បាប់ខ្លីសម្តែងវិប្បដិសារីជាខ្លាំងជាទីបំផុតផ្ញើទៅកាន់មន្ត្រីអាមេរិកដោយបដិសេធមិនចាកចេញពីប្រទេសកម្ពុជាក្នុងខ្លឹមសារថា៖ «... សូមលោកចងចាំថា បើសិនជាខ្ញុំស្លាប់នៅទីនេះក្នុងប្រទេសរបស់ខ្ញុំ ដែលខ្ញុំស្រឡាញ់ដូចម្តេចក៏ដោយចុះ ព្រោះយើងកើតមកនឹងស្លាប់ទាំងអស់គ្នា នៅថ្ងៃមួយមិនខាន។ ខ្ញុំបានប្រព្រឹត្តិកំហុសមួយ គឺដោយសារតែជឿលើលោក និងជឿលើអាមេរិក...»។

ដោយជឿតាមល្បិចកលពិលពុលរបស់អាមេរិក ទ្រង់ស៊ីសុវត្ថិ សិរិមតៈ រួមជាមួយ លន់ ណុល បានក្បត់សម្តេចព្រះនរោត្តម សីហនុ ហើយបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះអង្គ និងប្តូររបបដឹកនាំនៅកម្ពុជាមកជារបបសាធារណៈរដ្ឋខ្មែរ។ តែទីបំផុតកូនជឹងមួយត្រូវអាមេរិកបោះបង់ចោលទុកឲ្យទ្រង់ស៊ីសុវត្ថិ សិរិមតៈ ត្រូវ ប៉ុលពត សម្លាប់ចោលដោយ អារ-ក។

សភាពការណ៍នយោបាយកាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងនៅឆ្នាំ២០១៧នេះ គឺហាក់កំពុងស្ថិតក្នុងស្ថានភាពស្រដៀងគ្នា ដែលប្រជាជនកម្ពុជាទាំងអស់ គប្បីស្វែងយល់មេរៀននេះ។ យើងត្រូវស្វែងយល់ឲ្យច្បាស់ពីជំហរនយោបាយរបស់សហរដ្ឋអាមេរិក និងជៀសវាងប្រការគេដើរខ្សែលើតាមរបៀប «អាមេរិកស៊ីបាយ ហៅខ្មែរឲ្យចេញលុយ» ឬតាមរបៀបអាមេរិក យកទឹកដីខ្មែរជាឈ្នាន់បង្វែងសមរភូមិ ដើម្បីសង្គ្រោះដកកងទ័ពខ្លួនចេញពីសង្គ្រាមវៀតណាម។ ឈាមខ្មែរ និងជីវិតខ្មែរជាង៨សែននាក់ បានក្រាលជាព្រំសម្រាប់ការដើររបស់ក្រុមដែលហៅថា ប្រជាធិបតេយ្យ អ្វីដែលហៅថា សេរីភាព ក្រោមដំណក់ទឹកភ្នែក ឈាម និងការឈឺចាប់៖

ទី១៖ ទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានជាប់ផុងក្នុងសង្គ្រាមវៀតណាម ហើយក៏ត្រៀមដកខ្លួនចេញពីអាស៊ីដែរ។ ពេលនោះអាមេរិកអស់ខ្យល់នឹងការធ្វើ សង្គ្រាមតទៅទៀតហើយ។ នៅកម្ពុជានាគ្រានោះ ខ្មែរខ្លះក្តាប់សភាពការណ៍នេះមិនបានទេ ក៏ងាកទៅចាប់ដៃបម្រើ «អ្នកត្រៀមរត់» គឺចាប់ដៃជាមួយអាមេរិក ដែលត្រៀមរត់ចេញពីឥណ្ឌូចិនទៅហើយ។ ទីបំផុតអាមេរិកដកកងទ័ពរត់មែន ដែលគេហៅថា ចាញ់សង្គ្រាមវៀតណាមនៅ ឌៀនបៀនភូ នោះ។ ការឈ្លានពាន និងការដែលអាមេរិកទម្លាក់គ្រាប់បែកជាង២លាន៧សែនតោន នៅលើទឹកដីកម្ពុជាយើង គឺជាការបើកសមរភូមិថ្មី ដើម្បីដកកងទ័ពអាមេរិកនៅវៀតណាមតែប៉ុណ្ណោះ។

មេរៀនប្រវត្តិសាស្ត្របានប្រាប់យើងថា នៅក្នុងសង្គ្រាមវៀតណាម ដើម្បីផលប្រយោជន៍អាមេរិកនាពេលនោះ ខ្មែររងគ្រោះ៣ដំណាក់កាល៖ ទី១) លន់ ណុល និង សិរិមតៈ យល់ថា អាមេរិក មិនរត់ចោលទេ ក៏សុខចិត្តធ្វើជា«អាយ៉ង» អាមេរិក ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ សម្តេច សីហនុ ដែល សម្តេច សីហនុ ប្រកាន់ជំហរនយោបាយអព្យាក្រិត្យប្រឆាំងការជ្រៀតជ្រែករបស់អាមេរិក។ តែអកុសល ជាតិ បែកបាក់ធ្ងន់ធ្ងរចាប់ពីពេលនោះ។

ទី២៖ ប្រជាជនខ្មែរ៨សែននាក់ ត្រូវព្រាត់ប្រាស់និងបានស្លាប់ដោយសារការទម្លាក់គ្រាប់ B-52 របស់ អាមេរិក។ ពេលអាមេរិក និយាយថា កម្ពុជាជំពាក់បំណុលជាង៤០០លានដុល្លារ សូមខ្មែរហ៊ានផ្តាំទៅអាមេរិកវិញថា៖ «អាមេរិក ជំពាក់ឈាមនិងជីវិតខ្មែរច្រើនណាស់»។

ទី៣៖ ពេលអាមេរិក ដកកងទ័ពចេញ គឺបានបន្សល់នូវរបួសផ្លូវចិត្តនិងការសងសឹកធំធេងក្នុងសង្គមខ្មែរ និងបើកផ្លូវឲ្យ ប៉ុលពត ឡើងកាន់អំណាច។ ទីបំផុត ពួកអ្នកបម្រើអាមេរិកត្រូវប៉ុល ពត ចាប់អារ-ក។ ប្អូនរបស់លន់ ណុល គឺ លន់ ណុន និង ទ្រង់ស៊ីសិវត្ថិ សិរិមតៈ សុទ្ធតែត្រូវ ប៉ុលពត សម្លាប់ចោលដោយ អារ-ក។ នេះហើយផលវិបាកនៃការក្តាប់មិនជុំជំហរនយោបាយរបស់បរទេស។ ប្រយោជន៍គេសោះខ្មែរខ្លះធ្វើជាឧបករណ៍គេដោយក្រអឺតក្រទម។ ទីបំផុតបានត្រឹមវិប្បដិសារីដូចក្នុងសំបុត្រទ្រង់សិរិមតៈ។

ទី៤៖ ឥឡូវនេះឆ្នាំ២០១៧ ស្ថានភាពអាមេរិក ក្នុងរដ្ឋការប្រធានាធិបតី Donal Trump ក៏ស្រដៀងគ្នាដែរ។ ការសម្រេចចិត្តអត្តនោម័តរបស់ ដូណាល់ ត្រាំ (Executive Decision) គឺគណៈរដ្ឋមន្រ្តីដែលតែងតាំងជំនាន់គាត់ ត្រូវបានដកចេញ និងលាឈប់ស្ទើអស់ហើយ មានន័យថា នៅសេតវិមាន មានភាពរង្គោះរង្គើខ្លាំងណាស់។ គេបានព្យាករណ៍ថា តើដូណាល់ត្រាំ អាចទប់កៅអីប្រធានាធិបតីបាន៦ខែទៀតដែរឬយ៉ាងណា? ដូណាល់ត្រាំ ក៏មិនចង់ធ្វើសង្គ្រាមតទៀតដែរ។ សូម្បីកូរ៉េខាងជើងដែលសំញ៉ែងឥទ្ធិពលអាវុធនុយក្លេអ៊ែរយ៉ាងណា ប៉ុន្តែ អាមេរិក ក៏នឹងមិនធ្វើសង្គ្រាមដែលគ្មានចំណេញដល់ផលប្រយោជន៍ខ្លួននោះទេ។ ដូណាល់ត្រាំ ក៏នឹងមិនពង្រីកសង្គ្រាមនៅមជ្ឈិបបូព៌ាទៀតទេ មានតែដកថយ ដូចនៅសង្គ្រាមវៀតណាម។ ក្នុងករណីនេះ ខ្មែរខ្លះដែលចង់ធ្វើជា «ទ្រង់សិរិមតៈទី២» សូមសិក្សាស្ថានភាពជំហរនយោបាយ អាមេរិក ឲ្យច្បាស់លាស់។ កុំចាប់ដៃបានត្រឹមអាម៊ីអាថោងផឹកកាហ្វេបង្ហោះហ្វេសបុក រួចអួតអាមេរិកៗ។ ប្រយ័ត្ន! ម៉ត់ ដូចម្រេចបុក!!។

ទី៥៖ គ្មានផលប្រយោជន៍ អាមេរិក នៅក្នុងប្រទេសតូចដូចនៅកម្ពុជានេះទេ។ វាមិនមែនជារឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យនោះទេ។ ជម្លោះនៅវៀតណាម គឺជារឿងប្រគួតឥទ្ធិពលមនោគមន៍វិជ្ជាសង្គ្រាមត្រជាក់រវាង ឥន្ទ្រី និង ខ្លាឃ្មុំ គឺ អាមេរិក និង រុស្ស៊ី តែប៉ុណ្ណោះ។ ពិតណាស់បច្ចប្បន្ននេះ អាមេរិក ត្រូវការផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយនៅអាស៊ី តែ អាមេរិក ក៏មិនងាកមកអាស៊ីតាមរូបភាពសង្គ្រាមទៀតទេ។
ទី៦៖ ហេតុអ្វីបានជា អាមេរិក មួយចំនួនតូចខិតខំការពាររឿងអត់ច្បាប់នៃ «អង្គការ» របស់ខ្លួនដូចជា NDI ជាដើម? ពីព្រោះអង្គការទាំងនេះ គឺជា «ភ្នាក់ងារ» នៃផលប្រយោជន៍អាមេរិក។ បើប្រទេសអធិបតេយ្យមួយទាត់ចោលភ្នាក់ងារទាំងនេះអាមេរិក មានសន្លឹកបៀរឯណាសម្រាប់លេង!? ជាការកត់សំគាល់ថា បរិបទឥឡូវនេះគោលដៅរបស់អាមេរិក មិនមែនកម្ពុជាទេ តែគឺ ចិន និង រស្ស៊ី។

ទី៧៖ រឿងរ៉ាវការពិតក្នុងប្រវត្តិសាស្ត្រនិងនយោបាយដែលខ្មែរយើងគួរដឹង គឺត្រូវតែដឹង។ យើងត្រូវតស៊ូមតិដោយឆ្លាតវៃ ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងនាមរដ្ឋឯករាជ្យ និងរដ្ឋអធិបតេយ្យ។ ខ្មែរទាំងមួយចំនួននោះ ក៏សូមជៀសវាងការខិតខំធ្វើឲ្យជាតិយើងបែកបាក់គ្នាសារជាថ្មីទៀត ដោយសារតែភាពល្ងិតល្ងង់ និងការបម្រើបរទេសដោយល្ងង់ខ្លៅ។ ប្រយ័ត្នការចាប់សម្ព័ន្ធភាពជាមួយអ្នកចាំកេង និងអ្នកត្រៀមរត់ម្តងទៀត ដូចនៅសង្គ្រាមវៀតណាម។ យើងខ្ញុំសូមផ្តាំថា៖ «សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈទី២»៕