(ភ្នំពេញ)៖ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ពិសេសបង្កើនការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ សំដៅកាត់បន្ថយគម្លាតពាណិជ្ជកម្មនាំចេញ-នាំចូល នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក ដាម ប៊ុនថាំ អគ្គរាជទូត និងជាអនុប្រធានបេសកកម្មប្រចាំឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា។
ជំនួបពិភាក្សានេះ បានផ្តោតសំខាន់លើការរៀបចំសិក្ខាសាលា និងជំនួបពាណិជ្ជកម្ម ដែលគ្រោងនឹងធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីពិភាក្សាទៅលើវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម វិនិយោគ និងដឹកជញ្ជូន ដែលជាវិស័យសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា រៀបចំឲ្យមានការជួបពិភាក្សាដោយផ្ទាល់រវាងសភាពាណិជ្ជកម្ម ពាណិជ្ជករ នៃប្រទេសទាំងពីរ ជាពិសេសអ្នកនាំចេញផលិតផលខ្មែរ សមាគមកសិករ និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្នុងជំនួបជាមួយលោក អនុពង្ស ផៅចិន្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ បានរំលឹកថៃ បង្កើនការនាំទំនិញ និងផលិតផលពីប្រទេសកម្ពុជា ខណៈដែលកម្ពុជានាំ ទំនិញពីថៃមានចំនួនច្រើន ហើយមានគម្លាតខុសគ្នារហូតដល់ទៅ ៥ដង។
យោងតាមរបាយការណ៍ពាណិជ្ជកម្មរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានចំនួន ២,៩៣០.០៩លានដុល្លារ កើនឡើង ៩.៨៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦ ដែលមានត្រឹមតែ ២,៦៦៦.៥០លានដុល្លារ។
ទំហំពាណិជ្ជកម្មនេះ កម្ពុជានាំចេញទំនិញ និងផលិតផលទៅប្រទេសថៃ មានចំនួនទឹកប្រាក់ ៤៥៣.៤១លានដុល្លារ ធ្លាក់ចុះ២០.៤០% ខណៈថៃនាំចូលទំនិញ និងផលិតផលមកកម្ពុជា មានទំហំទឹកប្រាក់ ២,៤៧៦.៦៧លានដុល្លារ កើនឡើង១៨.១១ភាគរយ៕