(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧ បានសម្រេចចេញអនុក្រឹត្យកែសម្រួលមាត្រា៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាពសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយប្រគល់ភារកិច្ចរ៉ាប់រង និងគាំពារសុខភាពរបស់កម្មករនិយោជិត ទៅឲ្យនិយោជក ឬ ថៅកែរោងចក្រសហគ្រាសជាអ្នកទទួលខុសត្រូវជំនួសកម្មករ និយោជិត ចាប់ពីឆ្នាំ២០១៨តទៅ។
ដើម្បីកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពកម្មករ និយោជិត ឲ្យកាន់តែប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ទទួលរ៉ាប់រងលើសេវាគាំពារសុខភាពរបស់កម្មករ និយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ តាមរយៈការបញ្ឈប់ឲ្យកម្មករ និយោជិតបង់សេវាគាំពារសុខភាពនេះ ធ្វើឲ្យកម្មករ និយោជិត ចំណេញប្រាក់ក្នុងខែចន្លោះពី ៨ពាន់រៀលល ទៅ១៣,០០០រៀល។
សូមបញ្ជាក់ថា ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានកម្មករ កម្មការិនី ជាង ៧៤ម៉ឺននាក់ ហើយតាមរយៈវិស័យនេះ ពួកគេរកប្រាក់ចំណូលបានប្រមាណជា ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕