(ភ្នំពេញ)៖ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យរៀបចំបង្កើតមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដើម្បីងាយស្រួលក្នុងផ្តល់សេវកម្មថែទាំសុខភាពជូនកម្មករនិយោជិតដែលបម្រើការងារក្នុងគ្រឹះស្ថាន។ នៅថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើទៅកាន់ប្រធានមន្ទីរគ្រប់រាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងដំណើរការក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីតម្រូវឲ្យមានគីលានដ្ឋានអិចន្រ្តៃយ៍មួយនៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនោះ សម្រាប់ព្យាបាលកម្មករនិយោជិតដែលមានជំងឺ ឬគ្រោះថ្នាក់ក្នុងពេលបម្រើការងារ។
នៅក្នុងលិខិតរបស់រដ្ឋមន្រ្តី ជា សុផារ៉ា បានសរសេរបញ្ជាក់ថា៖ ១៖ ធ្វើការត្រួតពិនិត្យឡើងវិញ តាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងដំណើរការក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីតម្រូវឲ្យមានគីលានដ្ឋានអិចន្រ្តៃយ៍មួយនៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនោះ សម្រាប់ព្យាបាលកម្មករនិយោជិតដែលមានជំងឺ ឬគ្រោះថ្នាក់ក្នុងពេលបម្រើការងារ ដោយសហការជាមួយមន្ទីរការងារ មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
២៖ ចំពោះការស្នើសុំសាងសង់ថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវគូសបញ្ជាក់អំពីគិលានដ្ឋានអចិន្រ្តៃយ៍ នៅក្នុងគំនូសប្លង់ស្ថាបត្បកម្មស្នើសុំលិខិតអនុញ្ញាតិសាងសង់ ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាជាធរមាន។