(ភ្នំពេញ)៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាងថា ប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន នៅប្រទេសក្នុងតំបន់អាស៊ាន គ្មានប្រទេសណាមួយល្អលើសកម្ពុជានោះឡើយ ពោលគឺមានតែរឹតត្បិតជាងកម្ពុជាថែមទៀតផង។
ក្នុងបាឋកថានៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ លោកបណ្ឌិត សុខ ទូច ថ្លែងយ៉ាងដូច្នេះថា «ក្នុងតំបន់អាស៊ាន បើនិយាយពីប្រជាធិបតេយ្យ អត់មានអ្នកណាលើសខ្មែរទេ និយាយពីសារព័ត៌មាន ក៏អត់មានអ្នកណាលើសខ្មែរដែរ ខ្ញុំនិយាយអាស៊ាន...សាំហ្គាពួមានទូរទស្សន៍តែ២ទេ ហ្វេសបុកមាន ប៉ុន្ដែបើអ្នកឯងហ៊ានជេរនាយករដ្ឋមន្ដ្រីមើល អ្នកឯងហ៊ានថា រដ្ឋាភិបាលមិនត្រូវសាកមើល ហើយរាល់សារព័ត៌មានត្រូវយកលុយទៅតម្កល់ ពេលឈ្លោះជាមួយរដ្ឋាភិបាលត្រូវតែចាញ់»។
ប្រធានបណ្ឌិត្យសភា ដែលបានដើរស្រាវជ្រាវនៅតាមបណ្ដាប្រទេសជាច្រើន ហើយស្ទើរតែគ្រប់ប្រទេសក្នុងតំបន់អាស៊ាននេះ បានបន្ដថា នៅប្រទេសថៃ ហ្វីលីពីន វៀតណាម ឡាវ ព្រុយណេរ តើប្រទេសណាដែលលើសខ្មែរ បើនិយាយពីប្រទេសវៀតណាម ថៃ គឺឯបក្ស ហើយភូមាវិញអំណាចបែប ប្រជាធិបតេយ្យមានវិន័យ ដោយទាហានមិនបោះឆ្នោតនោះទេ។ ដោយឡែកនៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយមានច្រើន ហើយប្រជាពលរដ្ឋអាចលេង Facebook ដោយសេរី និងកំពុងដើរតួជាអ្នកព័ត៌មានថែមទៀតផង។
លោក សុខ ទូច ក៏បានលើកសរសើរពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរថា មានភាពល្អប្រសើរច្រើន៕